ផ្នែកទី ១៖ ការសិក្សាប្រវត្តិសាស្ត្រ
ការសិក្សាអំពីអតីតកាល
ប្រវត្តិសាស្ត្រគឺជាការសិក្សាអំពីអតីតកាលដើម្បីយល់អំពីវប្បធម៌របស់មនុស្ស។ វប្បធម៌គឺជាចំណេះដឹង ជំនឿ ប្រពៃណី និងជាតម្លៃរបស់មនុស្សមួយក្រុម។ ប្រវត្តិវិទូគឺជាអ្នកសិក្សាប្រវត្តិសាស្ត្រ។ ប្រវត្តិវិទូមានចំណាប់អារម្មណ៍និងចង់ដឹងអំពីរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្ស ព្រមទាំងមូលហេតុដែលពួកគេបានធ្វើនូវអ្វីៗដែលពួកគេបានធ្វើ។ ពួកគេចង់សិក្សាអំពីបញ្ហានានាដែលមនុស្សបានជួបប្រទះនិងរបៀបស្វែងរកដំណោះស្រាយ។
ការសិក្សាអំពីអតីតកាលគឺផ្អែកទៅលើអ្វីដែលមនុស្សបានបន្សល់ទុកដែលគេហៅថា “បុរាណវិទ្យា”។ បុរាណវិទូរុករកទីកន្លែងជាច្រើនដែលមនុស្សធ្លាប់បានរស់នៅ ធ្វើការ និងបានវាយប្រយុទ្ធគ្នា។ ពួកគេពិនិត្យនូវរបស់របរដែលមនុស្សបានបន្សល់ទុកនៅទីកន្លែងទាំងនេះ ដើម្បីសិក្សាថាតើរបស់របរទាំងអស់នោះអាចប្រាប់ពីអតីតកាលបានយ៉ាងដូចម្តេច។
ការយល់ដឹងតាមរយៈប្រវត្តិសាស្ត្រ
ការដឹងអំពីអតីតកាលអាចជួយឲ្យអ្នកយល់ដឹងអំពីពិភពលោកបច្ចុប្បន្ន។ ប្រវត្តិសាស្ត្រក៏អាចបង្រៀនអ្នកអំពីខ្លួនអ្នកផ្ទាល់ផងដែរ។ ចុះបើអ្នកពុំបានយល់អំពីអតីតកាលខ្លួនឯងវិញ? អ្នកមិនបានដឹងនូវអ្វីដែលធ្វើឲ្យអ្នកមានមោទនភាពអំពីខ្លួនរបស់អ្នកផ្ទាល់ឡើយ។ អ្នកមិនបានដឹងថាតើកំហុសអ្វីដែលអ្នកមិនគួរឲ្យកើតមានជាថ្មីម្តងទៀត។
ប្រវត្តិសាស្ត្រមានសារៈសំខាន់សម្រាប់ក្រុមនានា។ តើមានអ្វីកើតឡើង បើប្រទេសមួយចំនួនមិនមានកំណត់ត្រាអំពីអតីតកាលរបស់គេ? ប្រជាជននឹងមិនចងចាំនូវជោគជ័យឬសោកនាដកម្មពីជាតិរបស់គេឡើយ។ ប្រវត្តិសាស្ត្រកំណត់រូបរាងអត្តសញ្ញាណរបស់យើងនិងបង្រៀនយើងអំពីគុណតម្លៃដែលយើងមានរួមគ្នា។
ប្រវត្តិសាស្ត្រក៏បង្រៀនអំពីវប្បធម៌ដែលមិនទំនងជារបស់អ្នកផ្ទាល់ផងដែរ។ ការសិក្សាអំពីប្រវត្តិរបស់មនុស្សផ្សេងអាចជួយអ្នកឲ្យមានការគោរពនិងយល់អំពីគំនិតយោបល់ផ្សេងៗគ្នា។ អ្នកក៏នឹងសិក្សាដើម្បីយល់ផងដែរអំពីរបៀបដែលព្រឹត្តិការណ៍បច្ចុប្បន្នត្រូវបានកំណត់រូបរាងដោយព្រឹត្តិការណ៍ពីអតីតកាល។ ប្រវត្តិសាស្ត្រលើកទឹកចិត្តអ្នកឲ្យសួរសំណួរសំខាន់ៗជាច្រើន។
ការប្រើប្រាស់តម្រុយ
យើងសិក្សាអំពីប្រវត្តិសាស្ត្រពីប្រភពផ្សេងៗគ្នា។ ផូស៊ីល ដូចជាឆ្អឹង ឬក៏ស្នាមដានជើងដែលបានរក្សាទុកនៅលើថ្មផ្តល់ឲ្យយើងនូវតម្រុយពីជីវិតដែលមានជាយូរលង់កន្លងមក។ វត្ថុបុរាណ ដូចជាឧបករណ៍ឬប្រដាប់ប្រដាផ្សេងៗ កាក់ ឬកុម្ភការភណ្ឌ ក៏ផ្តល់ព័ត៌មានឲ្យយើងផងដែរ។ សំណេរបានបង្រៀនយើងយ៉ាងច្រើន។
សំណេរអាចជាប្រភពដ៏សំខាន់ (ដោយនរណាម្នាក់ដែលបានចូលរួម ឬក៏ជាសាក្សីនៅក្នុងព្រឹត្តិការណ៍អ្វីមួយ) ឬក៏ប្រភពបន្ទាប់បន្សំ (ព័ត៌មានដែលបានប្រមូលផ្តុំដោយបុគ្គលណាម្នាក់ដែលមិនបានចូលរួម ឬក៏ជាសាក្សីនៅក្នុងព្រឹត្តិការណ៍អ្វីមួយ)។
ផ្នែកទី ២៖ ការសិក្សាអំពីភូមិសាស្ត្រ
ទំនាក់ទំនងនៃទីកន្លែងនិងមនុស្ស
ដើម្បីចង់ដឹងនូវអ្វីដែលបានកើតឡើងពីអតីតកាល អ្នកត្រូវដឹងអំពីទីកន្លែងដែលព្រឹត្តិការណ៍បានកើតឡើងនិងមនុស្សដែលជាប់ពាក់ព័ន្ធ។ ហេតុដូច្នេះហើយទើបអ្នកប្រវត្តិសាស្ត្រសិក្សាអំពីរូបរាងរបស់ភពផែនដីនិងលក្ខណៈពិសេសៗនៃវប្បធម៌ ដូចជាភ្នំ ទន្លេ មនុស្ស ទីក្រុង និងប្រទេស។ ការសិក្សាប្រភេទនេះគេហៅថា ភូមិសាស្ត្រ។
ភូមិសាស្ត្រមានផ្នែកសិក្សាសំខាន់ៗពីរ។ សណ្ឋានភូមិសាស្ត្រ គឺជាការសិក្សាអំពីភពផែនដីនិងលក្ខណៈពិសេសមួយចំនួនទៀត។ ភូមិសាស្ត្ររបស់មនុស្ស គឺជាការសិក្សាអំពីមនុស្សនិងទីកន្លែងដែលគេរស់នៅ។ អ្នកសិក្សាអំពីសណ្ឋានភូមិសាស្ត្រសិក្សាអំពីបរិស្ថានដែលរាប់បញ្ចូលទាំងវត្ថុដែលមានជីវិតនិងគ្មានជីវិត ដែលមានឥទ្ធិពលដល់ជីវិតរស់នៅក្នុងតំបន់មួយ។ លក្ខណៈពិសេសសំខាន់បំផុតសម្រាប់អ្នកសិក្សាសណ្ឋានភូមិសាស្ត្រនោះគឺសណ្ឋានផែនដីនិងលក្ខណៈធម្មជាតិពិសេសរបស់ផ្ទៃផែនដី។ អ្នកសិក្សាសណ្ឋានភូមិសាស្ត្រក៏បានសិក្សាអំពីបរិស្ថាននិងលក្ខណៈធាតុអាកាសនៅក្នុងតំបន់ជាក់លាក់ណាមួយក្នុងអំឡុងពេលដ៏យូរលង់មួយផងដែរ។ អ្នកឯកទេសខាងភូមិសាស្ត្រមនុស្ស សិក្សាអំពីសំណួរដែលមានការចាប់អារម្មណ៍ជាច្រើនអំពីរបៀបដែលមនុស្សនិងបរិស្ថានមានឥទ្ធិពលលើគ្នា។
ការសិក្សាអំពីទីកន្លែង
គ្មានទីកន្លែងពីរណាដែលមានលក្ខណៈដូចគ្នាបេះដាក់នោះទេ។ ហេតុដូច្នេះហើយទើបភូមិវិទូព្យាយាមចង់ដឹងថាតើទីកន្លែងដែលខុសគ្នានីមួយៗអាចប៉ះពាល់យ៉ាងដូចម្តេចដល់ប្រជាជន ឬក៏ក្រុមមនុស្ស។ ភូមិវិទូប្រើប្រាស់ផែនទីដើម្បីសិក្សានិងប្រៀបធៀបអំពីទីកន្លែងទាំងនោះ។ ផែនទីគឺជាការគូរនៃតំបន់មួយ។ ផែនទីមួយចំនួនបង្ហាញអំពីលក្ខណៈរូបសាស្ត្រពិសេស ដូចជាភ្នំ ព្រៃព្រឹក្សា និងទន្លេបឹងបួរ។ ផែនទីមួយចំនួនផ្សេងទៀតបង្ហាញអំពីទីក្រុងនិងព្រំប្រទល់របស់រដ្ឋ ឬក៏ប្រទេស។ ជាញឹកញាប់ ការសិក្សាអំពីទីកន្លែងអាចនាំឲ្យគេដឹងតាមរយៈការសិក្សាអំពីតំបន់នានាឬទីកន្លែងដែលមានលក្ខណៈពិសេសមួយឬពីរ ធ្វើឲ្យទីកន្លែងទាំងនោះមានភាពខុសប្លែកពីទីកន្លែងជុំវិញ។
ភូមិសាស្ត្រ និង ប្រវត្តិសាស្ត្រ
ភូមិសាស្ត្រផ្តល់ឲ្យយើងនូវតម្រុយដ៏សំខាន់ៗអំពីមនុស្សនិងទីកន្លែងដែលកើតមុនយើង។ តាមការអង្កេត យើងអាចដាក់ផ្តុំបញ្ចូលគ្នានូវព័ត៌មានយ៉ាងច្រើនអំពីវប្បធម៌ជំនាន់ដើម ដោយការដឹងអំពីទីកន្លែងដែលមនុស្សបានរស់នៅនិងថាតើកន្លែងនោះមានសណ្ឋានដូចម្តេច។ មនុស្សជំនាន់ដើមបានតាំងទីលំនៅក្នុងតំបន់ជាច្រើនដែលសម្បូរទៅដោយធនធានធម្មជាតិ។ ធនធានគឺជាសម្ភារៈមាននៅលើផែនដីដែលមនុស្សត្រូវការនិងឲ្យតម្លៃ។ ធនធានរួមមានទឹក សត្វពាហនៈ ដីសម្រាប់ធ្វើស្រែចម្ការ ថ្មសម្រាប់ធ្វើឧបករណ៍ផ្សេងៗ និងលោហធាតុជាដើម។ លក្ខណៈពិសេសនិងធនធានមានឥទ្ធិពលដល់ការអភិវឌ្ឍនៃវប្បធម៌និងការរីកលូតលាស់នៃអារ្យធម៌។ ទំនាក់ទំនងរវាងភូមិសាស្ត្រនិងមនុស្សគឺមិនមែនផ្នែកតែមួយទេ។ មនុស្សជះឥទ្ធិពលលើបរិស្ថានរបស់គេទាំងវិជ្ជមាននិងអវិជ្ជមាន។
ផ្នែកទី ៣៖ តម្រុយពីអតីតកាល
តើប្រវត្តិវិទូធ្វើអ្វី?
ប្រវត្តិវិទូជាច្រើនរូបចង់សិក្សាឲ្យបានច្បាស់អំពីរបៀបនៃការរស់នៅរបស់មនុស្សម្នាក់ៗ។ ពួកគេថែមទាំងធ្វើការពិចារណាលើអត្តចរិករបស់ក្រុមមនុស្សទាំងអស់នោះថាតើបានប្រព្រឹត្តយ៉ាងដូចម្តេចខ្លះ។ ប្រវត្តិសាស្ត្រគឺទាំងអំពីបច្ចុប្បន្នកាលនិងអតីតកាលដ៏យូរលង់។ ប្រភពចម្បងឬប្រភពបន្ទាប់បន្សំផ្តល់នូវតម្រុយយ៉ាងច្រើនដែលអាចជាចម្លើយនៃសំណួរទាំងឡាយដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ។ ប្រភពចម្បងរួមមានសិន្ធិសញ្ញាសន្តិភាព ឯកសារផ្សេងៗរបស់តុលាការ សៀវភៅកំណត់ហេតុប្រចាំថ្ងៃ និងលិខិតស្នាមផ្សេងៗ។ សៀវភៅសិក្សានិងសព្វវចនាធិប្បាយគឺជាប្រភពបន្ទាប់បន្សំ។
ការសិក្សាប្រវត្តិសាស្ត្រអាចមានការលំបាកដូចការផ្គុំឡើងវិញនូវបំណែកតូចៗនៃល្បែងផ្គុំរូបដែលបំណែកជាច្រើនរកមិនទាន់ឃើញ។ ប្រវត្តិវិទូចង់ដឹងអំពីរបៀប ពេលវេលា ទីកន្លែង និងមូលហេតុដែលមនុស្សម្នាក់ៗនិងក្រុមមនុស្សទាំងឡាយបានប្រព្រឹត្ត ដូចដែលពួកគេបានធ្វើកន្លងមក។
តើបុរាណវិទូធ្វើអ្វី?
បុរាណវិទ្យាក៏បានបង្ហាញផងដែរនូវព័ត៌មានអំពីអតីតកាល។ បុរាណវិទូសិក្សាបុរាណវិទ្យា។ ពួកគេធ្វើពិសោធន៍លើផូស៊ីលដែលនៅសេសសល់ ដូចជាគ្រោងឆ្អឹងចាស់ៗនិងស្នាមជើងនៅលើថ្ម ដើម្បីទទួលព័ត៌មានអំពីជីវិតនៅក្នុងយុគសម័យដើម។
បុរាណវិទូមើលលើវត្ថុបុរាណដែលបានបង្កើតឡើងដោយមនុស្សដើម្បីប្រមូលព័ត៌មានឲ្យបានច្រើន។ ឧទាហណ៍ វត្ថុបុរាណដូចជា៖ ចុងព្រួញ កាក់ និងឧបកណ៏ផ្សេងៗទៀត។ ពាក្យថាវត្ថុវប្បធម៌ពណ៌នាអំពីការប្រមូលផ្តុំវត្ថុបុរាណដែលជាប់ពាក់ព័ន្ធ។ កន្លែងដែលមានវត្ថុបុរាណទាំងនោះគឺបានបង្ហាញនូវព័ត៌មានបន្ថែមអំពីរបៀបដែលមនុស្សប្រើប្រាស់ពួកវា។
ប្រភពនៃតម្រុយផ្សេងទៀត
ប្រវត្តិវិទូនិងបុរាណវិទូបានសហការគ្នាសិក្សាអំពីប្រវត្តិសាស្ត្រ។ ប្រភពសំណេរផ្សេងៗជួយបុរាណវិទូឲ្យរកឃើញកន្លែងដែលមានវត្ថុបុរាណ។ វត្ថុវប្បធម៌ជួយប្រវត្តិវិទូឲ្យយល់ច្បាស់អំពីអ្វីដែលពួកគេបានអាន។
រឿងនិងរឿងព្រេង ពេលខ្លះជួយដល់ប្រវត្តិវិទូនិងបុរាណវិទូក្នុងការស្រាវជ្រាវ។ ឧទាហរណ៍ អ្នកប្រហែលជាបានឮ ឬក៏បានអានរួចហើយអំពីដំណើររឿងរបស់ស្តេចអាតធឺ។ នៅមជ្ឈឹមសម័យ (ស.វ ទី៥ ដល់ ស.វ ទី១៤) មិនមានស្តេចនេះទេ។ ទោះជាយ៉ាងនេះក្តី ដោយសារតែមានរឿងព្រេងជាច្រើនអំពីស្តេចអាតធឺ ប្រវត្តិវិទូក៏បានស្រាវជ្រាវឯកសារចាស់ៗអំពីអតីតកាលរបស់ប្រទេសអង់គ្លេស។ ឯកសារទាំងនោះបានបង្ហាញថា អ្នកចម្បាំងដែលរស់នៅប្រហែលក្នុងសតវត្សរ៍ឆ្នាំ ៥០០ នៃគ្រិស្តសករាជ អាចនឹងបង្កើតរឿងព្រេងនេះឡើង។
តម្រុយដែលអាចនាំទៅរកការរកឃើញដ៏អស្ចារ្យគឺបានចង្អុលបង្ហាញតាមរយៈរឿងព្រេងនិទាន។ អ្នកសិក្សាកំពុងតែស្រាវជ្រាវរកផ្នូររបស់អ្នកចម្បាំង ហ្សាំង ស៊ឺខាន់ នៅប្រទេសម៉ុងហ្គោលី ដោយផ្អែកលើការងាររបស់ពួកគេតាមរឿងព្រេងនៃការតម្កល់សពរបស់គាត់។
សូម្បីតែសំណាងក៏ជាផ្នែកមួយនៃការរកឃើញបែបប្រវត្តិវិទ្យានិងបុរាណវិទ្យាដែរ។ នៅពេលដែលមនុស្សកំពុងជីកកកាយលើវាលស្រែ គេក៏បានឃើញវត្ថុបុរាណប្រវត្តិសាស្ត្រនិងបុរាណវត្ថុសំខាន់ៗដែលកប់ទុកក្នុងដី។
ផ្នែកទី ៤៖ ការដាក់បញ្ចូលគ្នានូវតម្រុយផ្សេងៗ
ការប្រើប្រាស់ព័ស្តុតាង
ប្រវត្តិវិទូ បុរាណវិទូ និងអ្នកជំនាញបានសួរថាតើមានអ្វីខ្លះដែលបានកើតឡើងនៅអតីតកាល។ ពួកគេបានប្រមូលផ្តុំនូវតម្រុយផ្សេងៗនិងសិក្សាពួកវាដើម្បីរកព័ត៌មានអំពីសង្គមនៅសម័យដើម។ ការស្វែងយល់អំពីសង្គមពាក់ព័ន្ធទៅនឹងការសិក្សារចនាសម្ពន្ធសង្គម។ គ្រួសារដើរតួនាទីយ៉ាងសំខាន់នៅក្នុងរចនាសម្ពន្ធសង្គម។ អក្សរសាស្ត្រនិងសិល្បៈ ជារើយៗ បានបង្ហើបឲ្យឃើញនូវជីវិតនៃគ្រួសារនៅក្នុងសង្គមសម័យដើម។
សន្ទរកថារបស់អ្នកនយោបាយប្រាប់យើងឲ្យដឹងអំពីនយោបាយនៅអតីតកាល។ សន្ទរកថារបស់អ្នកនយោបាយក្រិច បង្ហាញថាពួកក្រិចឲ្យតម្លៃលើប្រជាធិបតេយ្យនិងសេរីភាព។ តម្រុយក៏មានលើវត្ថុបុរាណផងដែរ។ បើគេរកឃើញប្រាក់កាក់រ៉ូមនៅក្នុងប្រទេសចិន ហើយប្រាក់កាក់ចិននៅក្នុងចក្រភពរ៉ូម ប្រវត្តិវិទូអាចបញ្ជាក់ថាចិននិងចក្រភពរ៉ូមមានទំនាក់ទំនងសេដ្ឋកិច្ចនឹងគ្នា។
ជំនឿ និង តម្លៃ
ប្រភពជាច្រើនបានបង្ហើបឲ្យឃើញនូវជំនឿនិងតម្លៃរបស់សង្គម។ ការបង្រៀនរបស់ខុងជឺបង្ហាញអំពីភាពសំខាន់របស់គ្រួសារនៅក្នុងសង្គមចិន។ ការបកប្រែភាសាបុរាណមានការលំបាកណាស់សម្រាប់ប្រវត្តិវិទូ។ ឧទាហរណ៍ល្អបំផុតដែលបង្ហាញអំពីកិច្ចការនេះគឺនៅលើផ្ទាំងថ្រ៉ូសេតា នៅអេហ្ស៊ីប។ វាបន្សល់ទុកនូវសារដូចគ្នានៅក្នុងប្រទេសក្រិចនិងសំណេររបស់អេហ្ស៊ីបពីរប្រភេទ។ អ្នកសិក្សាអាចអានភាសាក្រិច ហើយអាចបកប្រែនូវសារទាំងនោះបាន។
សិល្បៈនៃសង្គមអាចបង្ហើបឲ្យឃើញនូវជំនឿសាសនា។ ប្រជាជនអេហ្ស៊ីបបានរក្សាទុកវត្ថុមានតម្លៃ ដូចជា គ្រឿងសង្ហារឹមនិងគ្រឿងអលង្ការនៅក្នុងផ្នូរ។ ព័ស្តុតាងនោះប្រាប់ថាប្រជាជនអេហ្ស៊ីបជឿលើជីវិតបន្ទាប់ពីការស្លាប់់។ ស្ថាបត្យកម្មក៏បង្ហាញលក្ខណៈជាក់លាក់មួយចំនួនអំពីសង្គមផងដែរ។ រូបចម្លាក់អត្តពលកររបស់ក្រិចបង្ហាញថាពួកក្រិចឲ្យតម្លៃលើកីឡា។ ពេលខ្លះ បុរាណវិទូរកឃើញវត្ថុដែលមិនមានគោលបំណងជាក់លាក់។ ជាញឹកញាប់ អ្នកជំនាញជំទាស់នឹងអត្ថន័យនៃវត្ថុទាំងនោះ។
របកគំហើញថ្មីៗ
អ្វីដែលយើងគិតអំពីប្រវត្តិសាស្ត្រនោះគឺថាជានិច្ចកាលតែងតែមានការផ្លាស់ប្តូរ។ ព័ស្តុតាងប្រវត្តិសាស្ត្រថ្មីៗជាច្រើនបានផ្តល់ឲ្យយើងនូវព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើង។ ឆ្អឹងរបស់មនុស្សដែលចាស់បំផុតត្រូវបានគេរកឃើញនៅអាហ្វ្រិកនិងអាមេរិក ប្រាប់យើងថា ការអភិវឌ្ឍរបស់មនុស្សជាតិបានកើតឡើងមុនអ្វីដែលយើងបានគិតពីមុន។
គំហើញបុរាណវិទ្យាថ្មីៗអាចរំឭកឡើងវិញនូវទស្សនៈរបស់យើងចំពោះប្រវត្តិសាស្ត្រ។ មានពេលមួយនោះ អ្នកសិក្សាបានជឿថា ម៉ាយា គឺពោរពេញទៅដោយសន្តិភាព ប៉ុន្តែគំហើញនៃកំណត់ត្រារបស់ពួកគេថ្មីៗនេះបង្ហាញថា អ្នកដឹកនាំម៉ាយ៉ា ជារឿយៗតែងតែធ្វើសង្គ្រាមជាមួយប្រទេសជិតខាងរបស់ខ្លួន។
ការបកស្រាយថ្មីៗ
ប្រវត្តិវិទូផ្លាស់ប្តូរទស្សនៈរបស់ខ្លួនតាមពេលវេលា ទីកន្លែង និងវប្បធម៌ដែលពួកគេរស់នៅជាមួយ។ បច្ចុប្បន្ននេះ យើងឃើញថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ប៉ុន្តែក្នុងពេលអតីតកាល ការរួមចំណែករបស់ស្ដ្រីបានទាក់ទាញការកត់សម្គាល់បន្តិចបន្តួចប៉ុណ្ណោះ។ គំនិតទូលំទូលាយនិងមានចម្ងល់ច្រើនគឺមានភាពចាំបាច់ក្នុងការជួយដល់ប្រវត្តិវិទូធ្វើការពិចារណាទៅលើព័ស្តុតាងថ្មីៗក្នុងការវាយតម្លៃអតីតកាល។
(អត្ថបទខាងលើបកប្រែនិងរៀបរៀងដោយ ឪ កាហ្គោ ដកស្រង់ចេញពីកម្មវិធីសិក្សាប្រវត្តិវិទ្យា ថ្នាក់ទី៦ និងថ្នាក់ទី៧ នៅសហរដ្ឋអាមេរិក)
អត្ថបទទាំងអស់នេះ គឺពិតជាមានសារសំខាន់ណាស់