អ្វី​ជាវិបស្សនា?

វិបស្សនា​ជា​បច្ចេកទេស​កម្មដ្ឋាន​មួយ​ក្នុង​ចំណោម​បច្ចេកទេស​កម្មដ្ឋាន​ចាស់​ជាង​គេ​បំផុត​នៃ​ប្រទេស​ឥណ្ឌា។ មនុស្ស​ជាតិ​បាន​បាត់បង់​បច្ចេកទេស​នេះ​ជា​យូរ​ឣង្វែង​ណាស់​មក​ហើយ តែ​ព្រះ​គោតម​សម្មាសម្ពុទ្ធ​បាន​រក​ឃើញ​ឡើង​វិញ​កាល​ពី​ជាង ២៥០០ ឆ្នាំ​មុន​នេះ។ វិបស្សនា ដែល​មាន​ន័យ​ថា ឃើញ​របស់​ផង​ទាំង​ពួង​តាម​ភាពពិត គឺ​ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់​ដោយ​ខ្លួន​ឯង ដោយ​ការពិនិត្យ​មើល​ខ្លួនឯ​ង។ ជា​ដំបូង គេ​ចាប់​ពិនិត្យ​មើល​ដង្ហើម​ធម្មជាតិ ដើម្បី​ផ្ចង់​ចិត្ត​ឲ្យ​មូល។ ដោយ​មាន​សតិ​ដឹង​យ៉ាង​មុត​នេះ គេ​ពិនិត្យ​មើល​ធម្មជាតិ​ផ្លាស់​ប្តូរ​របស់​កាយ និង ចិត្ត ហើយ​ពិសោធ​ឃើញ​សេចក្តី​ពិត​សាកល​នៃ ឣនិច្ចំ ទុក្ខំ និង ឣនត្តា។ ការសម្រេច​នូវ​សេចក្តី​ពិត​ដោយសារ​ការពិសោធន៍​ផ្ទាល់​នេះ​ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់។ មាគ៌ា​ទាំងមូល (ព្រះធម៌) ជា​ឱសថ​សាកល​សម្រាប់​ដោះស្រាយ​បញ្ហា​សាកល ហើយ​គ្មាន​ឣ្វី​ជាប់​ទាក់ទង​ជាមួយ​នឹង​សាសនា ឬ និកាយ​ណា​មួយ​ឡើយ។ ដោយ​ហេតុ​នេះ បច្ចេកទេស​នេះ​ឣាច​យក​មក​បដិបត្តិ​បាន​ជា​ទូទៅ ដោយ​សេរី នៅ​គ្រប់​ទី​កន្លែង គ្រប់ពេល ដោយ​គ្មាន​ឣ្វី​ទាស់​ខុស​ជាមួយ​ពូជ​សាសន៍, វណ្ណ:, សាសនា​ណា​មួយ​ឡើយ ហើយ​ទទួល​ប្រយោជន៍​ល្អ​ប្រសើរ​ដូចគ្នា​ជាទូទៅ។

តើ​ឣ្វី​ទៅ​ដែល​មិនមែន​ជា​វិបស្សនា?

  • វិបស្សនា មិនមែន​ជា​ពិធី​បុណ្យ ឬ ពិធី​សាសនា​ដែល​មាន​សទ្ធា​ងងឹត​ងងល់​ជា​មូលដ្ឋាន​ឡើយ។
  • វិបស្សនា មិនមែន​ជា​ល្បែង​កំសាន្ត​ខាង​ប្រាជ្ញា​ឈ្លាសវៃ ឬ​ជា​ទស្សនវិជ្ជា​ទេ។
  • វិបស្សនា មិនមែន​ជា​ពេលសម្រាក​សម្រាប់​ព្យាបាល​ជំងឺ, មិនមែន​ជា​ថ្ងៃ​ឈប់​បុណ្យ ឬ​ជា​ឱកាស​ល្អ​ណា​មួយ​ដើម្បី​ឲ្យ​មនុស្ស​ក្នុង​សង្គម​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ប្រការ​ណា​មួយ​ឡើយ។
  • វិបស្សនា មិនមែន​ជា​ការគេចវេះ​ឲ្យ​ផុត​ពី​បញ្ហា, ពី​ទុក្ខ​ព្រួយ​នៃ​ការរស់នៅ​រាល់​ថ្ងៃ​ទេ។

 តើ​ឣ្វី​ទៅ​ជាវិបស្សនា?

  • វិបស្សនា ជា​បច្ចេកទេស​មួយ​ដើម្បី​គាស់​រំលើង​ទុក្ខ​ឲ្យ​ដាច់​ឫស​គល់។
  • វិបស្សនា ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់ ដែល​នាំ​មនុស្ស​ឲ្យ​ចេះ​ប្រឈម​មុខ​ចំពោះ​ភាពតានតឹង និង បញ្ហា​ជីវិត​ទាំងឡាយ ប្រកប​ដោយ​ចិត្ត​ស្ងប់ស្ងៀម និង មាន​លំនឹង។
  • វិបស្សនា ជា​របៀប​រស់នៅ ដែល​នាំ​មនុស្ស​ឲ្យ​ធ្វើ​វិភាគទាន​ជា​កុសល​ចំពោះ​សង្គម។

 គោល​បំណង

 វិបស្សនា​កម្មដ្ឋាន​មាន​គោល​បំណង​ឆ្ពោះ​ទៅ​រក​គោលដៅ​ផ្លូវ​ចិត្ត​យ៉ាង​ខ្ពស់​បំផុត​នៃ​ការរំដោះ​ទុក្ខ និង ការត្រាស់ដឹង​ពេញ​បរិបូណ៌។ គោលដៅ​របស់​វិបស្សនា​គឺ​មិនមែន​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវ​កាយ​ឲ្យ​បាន​ជា​សះ​ស្បើយ​ទេ។ ប៉ុន្តែ​ដោយសារ​លទ្ធផល​បន្ទាប់​បន្សំ​ដែល​កើត​មក​ពី​ការធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់ នុ៎ះ​មាន​ជំងឺ​ផ្លូវ​ចិត្ត និង ផ្លូវ​កាយ​ជា​ច្រើន​ណាស់​ដែល​បាន​ជា​សះ​ស្បើយ​ដាច់​ឫស​គល់​ឣស់។ តាម​ការពិត វិបស្សនា គឺ​ប្រាកដ​ជា​រំលាយ​ហេតុ​បី​យ៉ាង​នៃ​សេចក្តី​ទុក្ខ​ទាំងឣស់​បាន ពោល​គឺ៖ លោភ: ទោស: និង មោហ:។ ដោយសារ​ការបដិបត្តិ​យ៉ាង​ជាប់​ជានិច្ច សមាធិ​នឹង​ជួយ​បន្ធូរ​បន្ថយ​ភាពតានតឹង​ដែល​ចេះ​តែ​មាន​នៅ​ក្នុង​ការរស់នៅ​រាល់​ថ្ងៃ ហើយ​ជួយ​ស្រាយ​ចំណង​ដែល​កើត​ឡើង​ដោយសារ​ទម្លាប់​ចាស់​ដែល​ចេះ​តែ​នាំ​ចិត្ត​ឲ្យ​ធ្វើ​ប្រតិកម្ម​តប​នឹង​ស្ថានភាព​ជា​ទី​រីករាយ និង ជា​ទី​មិន​រីករាយ។

ទោះបី​វិបស្សនា​កម្មដ្ឋាន​នេះ​ជា​បច្ចេកទេស​ដែល​កើត​ចម្រើន​ឡើង​ដោយសារ​ព្រះសម្មាសម្ពុទ្ធ​ក៏​ដោយ ក៏​ការបដិបត្តិ​បច្ចេកទេស​នេះ​មិនមែន​កម្រិត​ទុក​ត្រឹម​តែ​ឣ្នកកាន់​ព្រះពុទ្ធ​សាសនា​ប៉ុណ្ណោះ​ទេ។ ជា​ដាច់​ខាត​ឥត​មាន​រឿង​ផ្លាស់ប្តូរ​សាសនា​ឡើយ។ មនុស្ស​ទាំងឣស់​មាន​បញ្ហា​ចោទ​ឡើង​ដូចគ្នា ដូច្នេះ​បច្ចេកទេស​ដែល​ដោះស្រាយ​បញ្ហា​ទាំងឣស់​នេះ ក៏​ឣាច​យក​មក​ឣនុវត្ត​បាន​ជា​សាកល​ទូទៅ​ដូចគ្នា​ដែរ។ មនុស្ស​ឣ្នកកាន់​សាសនា​ដទៃ​ទៀត​ជា​ច្រើន​បាន​ទទួល​ប្រយោជន៍​ដែល​កើត​មក​ពី​ការបដិបត្តិ​វិបស្សនា​កម្មដ្ឋាន​នេះ ហើយ​បាន​ពិនិត្យ​ឃើញ​ថា​គ្មាន​ឣ្វី​ទាស់​ខុស​ជាមួយ​នឹង​ជំនឿ​សាសនា​របស់​គេ​ឡើយ។

បច្ចេកទេស

វិបស្សនា​គឺ​ជា​បច្ចេកទេស​នៃ​ការផ្លាស់ប្តូរ​ខ្លួន​ឯង​តាមរយៈ​ការពិនិត្យ​មើល​ដោយ​ខ្លួន​ឯង។ បច្ចេកទេស​នេះ​ផ្តោត​ទៅ​លើ​អន្តរកម្ម​រវាង​ចិត្ត និង កាយ​នៅ​ទី​ជម្រៅ ដែល​អាច​ពិសោធ​ឃើញ​ផ្ទាល់​តាម​រយៈ​ការផ្ចង់​សតិ​ត្រឹមត្រូវ​ទៅ​លើ​កាយ​វេទនា​ដែល​ជា​ជីវិត​នៃ​កាយ ហើយ​ដែល​ធ្វើ​អន្តរកម្ម​ជាប់​រហូត និង តាក់​តែង​ជីវិត​របស់​ចិត្ត។ គឺ​ជា​ដំណើរ​រុករក​ខ្លួន​ឯង​ផ្អែក​លើ​ការពិនិត្យ​មើល​ដល់​ឫសគល់​នៃ​ចិត្ត និង កាយ​ដែល​រំលាយ​ភាពសៅហ្មង​នៃ​ចិត្ត និង នាំ​ឲ្យ​ចិត្ត​មាន​តុល្យភាព ពោរពេញ​ដោយ​មេត្តា និង ករុណា។

ច្បាប់​វិទ្យាសាស្ត្រ​ដែល​ដឹកនាំ​គំនិត អារម្មណ៍ ការវិនិច្ឆយ និង វេទនា​របស់​បុគ្គល​ម្នាក់​ប្រែ​ទៅ​ជា​ច្បាស់​ឡើងៗ។ តាមរយៈ​បទ​ពិសោធន៍​ផ្ទាល់ នាំ​ឲ្យ​គេ​យល់​យ៉ាង​ច្បាស់​អំពី​ធម្មជាតិ​នៃ​របៀប​ដែល​គេ​រីក​ចម្រើន ឬ ថយក្រោយ ព្រមទាំង​របៀប​ដែល​គេ​បង្កើត​ទុក្ខ ឬ រំដោះ​ខ្លួន​ចេញ​ពី​ទុក្ខ។ ជីវភាព​ប្រែ​ទៅ​ជា​មាន​សតិ​ដឹង​ច្រើន គ្មាន​សេចក្តី​ភាន់​ច្រឡំ មាន​ការត្រួតត្រា​លើ​ខ្លួន​ឯង និង មាន​សន្តិភាព។

ប្រពៃណី

ចាប់តាំង​ពី​ពុទ្ធ​សម័យ​មក វិបស្សនា​ត្រូវ​បាន​បង្រៀន​រហូត​មក​ដល់​សព្វថ្ងៃ តាម​រយៈ​ខ្សែ​តំណ​នៃ​គ្រូ​ទាំងឡាយ​ជាប់​មិន​ដាច់។ ទោះបីជា​មាន​ប្រភព​ដើម​នៅ​ប្រទេស​ឥណ្ឌា​ក៏​ដោយ លោក ស.ន. ហ្គោឥនកា ដែល​ជា​គ្រូ​អាចារ្យ​បច្ចុប្បន្ន​ក្នុង​ខ្សែ​តំណ​នេះ បាន​កើត និង ធំ​ចម្រើន​ឡើង​នៅ​ប្រទេស​ភូមា (មីយ៉ាន់ម៉ា)។ ពេល​រស់នៅ​ក្នុង​ប្រទេស​ភូមា លោក​មាន​ភ័ព្វ​សំណាង​ល្អ​ណាស់​ដែល​បាន​រៀន​បច្ចេកទេស​វិបស្សនា​ពី​គ្រូអាចារ្យ​របស់​លោក​គឺ លោក សាយាគ្យី អ៊ូបាឃិន ដែល​នៅ​ពេល​នោះ​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ម្នាក់។ បន្ទាប់​ពី​បាន​ទទួល​ការបណ្តុះ​បណ្តាល​ពី​គ្រូអាចារ្យ​របស់​លោក​អស់​រយៈពេល ១៤ ឆ្នាំ មក លោក ហ្គោឥនកា បាន​មក​រស់នៅ​ប្រទេស​ឥណ្ឌា និង បាន​ចាប់ផ្តើម​បង្រៀន​វិបស្សនា​ក្នុង​ឆ្នាំ ១៩៦៩។ ចាប់តាំង​ពី​ពេល​នោះ លោក ហ្គោឥនកា បាន​បង្រៀន​មនុស្ស​រាប់​ពាន់​នាក់​ដែល​មាន​ពូជសាសន៍ និង សាសនា​ផ្សេងៗ​គ្នា ទាំង​នៅ​ប៉ែក​ខាង​កើត ទាំង​នៅ​លោក​ខាង​លិច។ នៅ​ឆ្នាំ ១៩៨២ លោក​បាន​ចាប់​តែង​តាំង​គ្រូ​ជំនួយ​ជា​ច្រើន​ដើម្បី​ជួយ​លោក ឆ្លើយតប​នឹង​សេចក្តី​ត្រូវការ​វគ្គសិក្សា​វិបស្សនា​កាន់​តែ​ច្រើន​ឡើងៗ។

វគ្គសិក្សា

បច្ចេកទេស​នេះ​ត្រូវ​បាន​បង្រៀន​ក្នុង​វគ្គសិក្សា​នៅ​មជ្ឈមណ្ឌល​ចំនួន ១០ ថ្ងៃ ដែល​ក្នុង​អំឡុងពេល​នោះ អ្នកចូលរួម​ត្រូវ​គោរព​ច្បាប់​វិន័យ, រៀន​បច្ចេកទេស​មូលដ្ឋាន និង ប្រតិបត្តិ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ទទួល​លទ្ធផល​ល្អ​នៃ​បច្ចេកទេស​នេះ។

វគ្គសិក្សា​ត្រូវការ​ការប្រឹងប្រែង​យ៉ាង​ខ្លាំង និង ហ្មត់ចត់។ មាន​ជំហាន​បី​ដែល​ត្រូវ​ហ្វឹកហ្វឺន។ ជំហាន​ទី​មួយ​គឺ ក្នុង​អំឡុងពេល​នៃ​វគ្គសិក្សា ត្រូវ​វៀរចាក​ការសម្លាប់, ការលួច, ការប្រព្រឹត្តិ​កាម, ការនិយាយ​មិន​ពិត ព្រមទាំង​ការសេព​គ្រឿង​ញៀន និង គ្រឿង​ស្រវឹង។ ច្បាប់​វិន័យ​សាមញ្ញ​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ចិត្ត​ស្ងប់ ដែល​ពុំ​នោះ​សោត វា​អន្ទះ​អន្ទែង​ខ្លាំង​ពេក មិន​អាច​ធ្វើ​កិច្ចការ​នៃ​ការពិនិត្យ​មើល​ខ្លួន​ឯង​បាន​ទេ។

ជំហាន​បន្ទាប់​គឺ​បណ្តុះ​បណ្តាល​ការត្រួតត្រា​លើ​ចិត្ត​ដោយ​ការរៀន​ផ្ចង់​សតិ​របស់​ខ្លួន​ទៅ​លើ​ភាពពិត​ធម្មជាតិ ផ្លាស់ប្តូរ​ជានិច្ច​នៃ​ចរន្ត​ដង្ហើម នៅពេល​វា​ចូល និង ចេញ​តាម​រន្ធ​ច្រមុះ។

នៅ​ថ្ងៃ​ទី ៤ ចិត្ត​បាន​ស្ងប់​គ្រាន់បើ និង កាន់​តែ​ឆាប់​ចាប់​អារម្មណ៍ ដែល​អាច​នាំ​ឲ្យ​ប្រតិបត្តិ​វិបស្សនា​តែម្តង៖ ការអង្កេត​លើ​វេទនា​ពាស​ពេញ​កាយ, ការយល់​ធម្មជាតិ​នៃ​វេទនា​នោះ និង ការបង្កើត​ភាពឧបេក្ខា​ដោយ​ការរៀន​មិន​ធ្វើ​ប្រតិកម្ម​ចំពោះ​វេទនា​ទាំងនោះ។

ចុង​បញ្ចប់ ពេញ​មួយ​ថ្ងៃ​ចុង​ក្រោយ សិស្ស​ទាំងអស់​រៀន​អំពី​មេត្តា​ភាវនា ឬ សុឆន្ទៈ​ចំពោះ​សព្វសត្វ។ ក្នុង​នោះ ភាពបរិសុទ្ធ​ដែល​បាន​រីក​ចម្រើន​ក្នុង​អំឡុង​វគ្គសិក្សា ត្រូវ​បាន​ចែក​រំលែក​ជាមួយ​សព្វសត្វ​ផងដែរ។

ការប្រតិបត្តិ​ទាំងស្រុង​គឺ​ជា​ការហ្វឹកហ្វឺន​ចិត្ត​ជាក់ស្តែង។ ដូចជា​យើង​ប្រើ​ការហាត់​ប្រាណ​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​កាយ​ប្រសើរ​ឡើង យើង​ក៏​អាច​ប្រើ​វិបស្សនា​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​មាន​សុខភាព​ល្អ​ដែរ។

ដោយ​គេ​បាន​ឃើញ​ថា បច្ចេកទេស​នេះ​មាន​ប្រយោជន៍​ពិត​ប្រាកដ ដូច្នេះ​គេ​សង្កត់​យ៉ាង​ខ្លាំង​លើ​ការរក្សា​បច្ចេកទេស​នេះ​តាម​ទម្រង់​ដើម​ពិត​ប្រាកដ​របស់​វា។ បច្ចេកទេស​នេះ​មិន​ត្រូវ​បង្រៀន​ក្នុង​គោលបំណង​អាជីវកម្ម​ឡើយ គឺ​ត្រូវ​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ។ ឥត​មាន​នរណា​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការបង្រៀន​បច្ចេកទេស​នេះ​ទទួលកម្រៃ​សម្ភារៈ​អ្វី​មួយ​ឡើយ។

ឥត​មាន​ការគិត​ថ្លៃ​ចំពោះ​វគ្គសិក្សា​ឡើយ សូម្បី​តែ​ថ្លៃ​ម្ហូប​អាហារ និង ការស្នាក់នៅ​ក៏​ដោយ។ ចំណាយ​ទាំងអស់​ត្រូវ​បាន​រ៉ាប់រង​ដោយ​អំណោយទាន​ពី​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា និង បាន​ទទួល​ផលប្រយោជន៍​ពី​វិបស្សនា ហើយ​ចង់​ផ្តល់​ឱកាស​ឲ្យ​អ្នកដទៃ​ទទួល​ផលប្រយោជន៍​ពី​បច្ចេកទេស​នេះ​ផងដែរ។

ពិត​ណាស់ លទ្ធផល​អាច​ទទួល​បាន​ជា​បន្ត​បន្ទាប់​តាម​រយៈ​ការប្រតិបត្តិ​ជាប់​រហូត។ វា​ពិត​ជា​មិន​អាច​រំពឹង​បាន​ថា បញ្ហា​ទាំងអស់​ត្រូវ​បាន​ដោះស្រាយ​ក្នុង​រយៈពេល ១០ ថ្ងៃ​នុ៎ះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ក្នុង​អំឡុងពេល​នោះ គេ​អាច​ចេះ​មូលដ្ឋាន​គ្រឹះ​នៃ​វិបស្សនា ដើម្បី​ឲ្យ​គេ​អាច​អនុវត្ត​បាន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ កាលណា​គេ​ប្រតិបត្តិ​បច្ចេកទេស​នេះ​កាន់​តែ​បាន​ច្រើន គេ​នឹង​អាច​រួច​រដោះ​ពី​ទុក្ខ​បាន​កាន់​តែ​ច្រើន​ឡើង​ដែរ ហើយ​គេ​នឹង​អាច​ទៅ​កាន់​តែ​ជិត​ដល់​គោលដៅ​ទី​បំផុត​នៃ​ការរួច​រដោះ​ពេញ​បូរិបូរណ៌​។ ទោះ​បី ១០ ថ្ងៃ ក៏អាច​ផ្តល់​នូវ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់ និង មាន​ប្រយោជន៍​ពិត​ប្រាកដ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ដែរ។

យើង​សូម​ស្វាគមន៍​អ្នក​ដែល​ស្មោះត្រង់​ទាំងអស់​ឲ្យ​ចូលរួម​វគ្គសិក្សា​វិបស្សនា​ដើម្បី​ឃើញ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ថា​តើ​បច្ចេកទេស​នេះ​មាន​ដំណើរការ​ដូចម្តេច និង ដើម្បី​វាស់​ផល​ប្រយោជន៍​ផ្សេងៗ។ អ្នក​ទាំងអស់​ដែល​សាកល្បង​នឹង​ឃើញ​ថា​វិបស្សនា​គឺ​ជា​បច្ចេកទេស​មិន​អាច​កាត់​ថ្លៃ​បាន​ដែល​អាច​សម្រេច និង ចែក​រំលែក​សុភមង្គល​ពិត​ប្រាកដ​ជាមួយ​អ្នកដទៃ។

អ្នក​អាច​ដាក់​ពាក្យ​សុំ​ចូលរួម​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន​ដោយ​ការបំពេញ និង ដាក់​ពាក្យសុំ​ចូលរួម វគ្គសិក្សា​ដែល​បាន​កំណត់​តាម​កាលបរិច្ឆេទ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល http://www.dhamma.org/

Advertisement

About Oav Cago (ឪ កាហ្គោ)

be happy!!!
This entry was posted in ជីវិត & របៀបរស់នៅ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s