ជាតិ​ស្រវឹង និង ការពិសា​ដោយ​មាន​ការទទួលខុសត្រូវ

ព័ត៌មាន​អំពី​ជាតិស្រវឹង

អ្វី​ជា​ជាតិស្រវឹង?

ជាតិ​ស្រវឹង​គឺ​ជា​ផលិតផល​ធម្មជាតិ។ វា​បង្កើត​ឡើង​នៅពេល​ដែល​ស្ក​ធម្មជាតិ​នៅក្នុង​ផ្លែឈើ បន្លែ ឬ គ្រាប់ ឡើងជូរ និង ក្លាយ​ទៅ​ជា​ជាតិស្រវឹង​តាម​ធម្មជាតិ។ បរិមាណ​នៃ​ជាតិស្រវឹង​នៅក្នុង​ផលិតផល​ដែល​ឡើង​ជូរ​ផ្សេងៗគ្នា​គឺ​ខុសគ្នា។ ស្រាបៀរ​ភាគច្រើន​មាន​ជាតិស្រវឹង​ប្រហែល ៥% ហើយ​ស្រា​ភាគច្រើន​មាន ១២% នៅពេល​ដែល​សុរា​មួយ​ចំនួន​អាច​មាន​ដល់​ទៅ ៤០%។

អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​នៅពេល​អ្នកប្រើប្រាស់​ជាតិស្រវឹង ពីព្រោះ​វា​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​កណ្តាល​របស់​អ្នក​ដែល​និយត​មុខងារ​របស់​រាងកាយ​ដ៏​រស់​រវើក ដូចជា​ការដក​ដង្ហើម, ការរំលាយ​អាហារ និង ការ​បូម​ឈាម​ចេញ​ពី​បេះដូង។ វា​ក៏​ប្រមូល​សារ​ទៅ និង ចេញ​ពី​ខួរក្បាល​របស់​អ្នក​ផង​ដែរ។ នេះ​គឺ​ជា​មូលហេតុ​ដែល​អ្នក​ដឹង​ពី​ផ្លាស់ប្តូរ​លើអារម្មណ៍ ភាពរំជួលចិត្ត ភាពមើលឃើញ និង ភាពឮ នៅពេល​អ្នក​ពិសា​ជាតិ​ស្រវឹង។ ហើយ​បើ​អ្នក​ពិសា​ជាតិ​ស្រវឹង​កាន់តែ​ច្រើន អ្នក​នឹង​មាន​ការផ្លាស់ប្តូរ​ទាំងនេះ​កាន់​តែ​ច្រើន​ដែរ។

ជាតិ​ស្រវឹង​ក៏​ផ្តល់​នូវ​ថាមពល​ផងដែរ បើទោះបី​ជា​តម្លៃ​អាហារូបត្ថម្ភ​នៃ​ជាតិស្រវឹង​ភាគច្រើន​ទាប​ក៏ដោយ ពីព្រោះ​ពួកវា​មាន​ប្រូតេអ៊ីន ឬ ខ្លាញ់​តិច។ ទោះជា​យ៉ាងនេះ​ក្តី ផលិតផល​មួយចំនួន ឧទាហរណ៍​ស្រាបៀរ ផ្តល់​នូវ​ស្ករ និង កាបូនអ៊ីដ្រាត វីតាមីន B ជាតិរ៉ែ និង គ្រឿង​បំប៉ន​រាងកាយ​តូចៗ។ ស្រាបៀរ​របស់​យើង​គឺ​ផលិត​ចេញ​ពី​ធម្មជាតិ ១០០ ភាគរយ និង ផលិត​ឡើង​ដោយ​មាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង។ យើង​ប្រើ​វត្ថុ​ធាតុ​ដើម​ដែល​មាន​គុណភាព​ខ្ពស់​បំផុត, ស្រូវ​បាឡេ​ដែល​មាន​មេ និង រុក្ខជាតិ​ហប់, យើង​បណ្តុះ​មេ​ដែល​មាន​គុណភាព​ខ្ពស់ និង ផលិត​ទៅ​តាម​រូបមន្ត និង លក្ខណៈ​ពិសេស​លម្អិត​ដែល​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ។

យើង​គិត​ថា​វា​មាន​សារៈសំខាន់​ក្នុង​ការជូនដំណឹង និង អប់រំ​អ្នកប្រើប្រាស់​ផលិតផល​របស់​យើង​អំពី​ទិដ្ឋភាព​ទាំងអស់​នៃ​ផលិតផល និង ម៉ាក​របស់​យើង។ តាម​បទពិសោធន៍​របស់​យើង អ្នកប្រើប្រាស់​មាន​ការយល់​ខុស​ជាច្រើន​អំពី​ស្រាបៀរ ជាពិសេស​លើ​អត្ថន័យ​នៃ​តម្លៃ​អាហារូបត្ថម្ភ និង ចំណុះ​កាឡូរី។ មនុស្ស​ជាច្រើន​ពិត​ជា​គិត​ថា​ស្រាបៀរ​គឺ​ធ្វើ​ឲ្យ​ធាត់។ ប៉ុន្តែ​ការយល់ឃើញ​ទាំងនេះ​គឺ​មិន​ត្រឹមត្រូវ​តាម​ភាពជាក់ស្តែង​ឡើយ នៅពេល​ដែល​ប្រើប្រាស់​វា​ល្មម។ តាម​ការពិត តម្លៃ​កាឡូរី​នៃ​ស្រាបៀរ​គឺ​ប្រហាក់ប្រហែល ឬ តិច​ជាង​ភេសជ្ជៈ​ផ្សេងទៀត។ ស្រាបៀរ​ក៏​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង មាន​វីតាមីន​ដ៏​សំខាន់​មួយ​ចំនួន។ វា​គ្មាន​ធាតុ​រក្សា, គ្មាន​ធាតុ​បន្ថែម និង គ្មាន​ខ្លាញ់។ ការប្រើប្រាស់​ល្មម​គឺ​ជា​គន្លឹះ​សម្រាប់​ការមាន​ជីវិត​រស់នៅ​ប្រកប​សុខភាព​ល្អ។

ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​បង្ហាញថា​បើ​ប្រើប្រាស់​ក្នុង​កម្រិត​មួយ​ល្មម ស្រាបៀរ​ផ្តល់​នូវ​ផលប្រយោជន៍​សុខភាព​ និង ហានិភ័យ​ដូចគ្នា​នឹង​ស្រា​ដែរ។ វា​មាន​ព័ស្តុតាង​វិទ្យាសាស្ត្រ​ដ៏​រឹងមាំ​ច្រើន​ឡើងៗ​ជា​បន្តបន្ទាប់​ដែល​ថា​អ្នកពិសា​ជាតិស្រវឹង​ល្មម មាន​លើស​អាយុ ៤០ ឆ្នាំ មាន​ហានិភ័យ​ថយចុះ​នៃ​ការកើត​ជម្ងឺ​គាំង​បេះដូង និង ជម្ងឺ​បេះដូង បើ​ធៀប​ជាមួយ​អ្នកមិន​ពិសា​សោះ ឬ អ្នកពិសា​ច្រើន។ វា​ក៏​មាន​ព័ស្តុតាង​ដែល​ថា​ការពិសា​ស្រាបៀរ​ល្មម​អាច​បន្ថយ​ហានិភ័យ​នៃ​ការកើត​ជម្ងឺ​វិកលចរិក និង បន្ថយ​ហានិភ័យ​នៃ​ការកើត​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ II ផង​ដែរ។ ទោះជា​យ៉ាងនេះ​ក្តី វា​អនុវត្ត​ចំពោះ​តែ​ការពិសា​ក្នុង​កម្រិត​ល្មម ហើយ​ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ ការសិក្សា​បន្ថែម​ទៀត​កំពុង​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់។ ផ្ទុយ​មក​វិញ វា​ក៏​មាន​ព័ស្តុតាង​ដែល​ថា​ការប្រើប្រាស់​ភេស្ជជៈ​មាន​ជាតិ​ស្រវឹង​អាច​បង្កើន​ហានិភ័យ​នៃការកើត​ជម្ងឺ​មហារីក​សុដន់ ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​សេនេទិក​ពី​កំណើត ឬ អ្នក​ដែល​បាន​ទទួល​ការព្យាបាល​ចាក់​បញ្ចូល​អ័រម៉ូន។ ការពិសា​ស្រាបៀរ​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ បើ​ប្រើប្រាស់​វា​ក្នុង​បរិមាណ​ល្មម។

សុខភាព​គឺ​ជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល អង្គការ​សុខភាព និង អ្នកប្រើប្រាស់។ ដើម្បី​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជ្រើស​ជម្រើស​ដ៏​ត្រឹមត្រូវ យើង​គិត​ថា​វា​មាន​សារៈសំខាន់​ក្នុងការផ្តល់​នូវ​ទស្សនៈ​ពេញលេញ និង មាន​តុល្យភាព​ទាំង​លើ​ព័ត៌មាន​នៃ​ជាតិ​ស្រវឹង និង ទិដ្ឋភាព​អាហារូបត្ថម្ភ​នៃ​ស្រាបៀរ។

តើ​ជាតិស្រវឹង​ធ្វើ​អ្វី​ខ្លះ​ចំពោះ​រាងកាយ​របស់​អ្នក?

នៅពេល​អ្នក​ពិសា​ជាតិស្រវឹង រឿង​ពីរ​កើតឡើង៖ ដំបូង វា​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​របស់​អ្នក​ស្ងប់ស្ងាត់ បន្ទាប់​មក បើ​អ្នក​ពិសា​ច្រើន​ពេក វា​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​នោះ​ក្តៅ​ក្រហាយ។

ការធ្វើ​ឲ្យ​ស្ងប់ស្ងាត់​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​សប្បាយ ឬ ទុក្ខ, សម្រាក ឬ ខឹង។ ការធ្វើ​ឲ្យ​វា​ក្តៅក្រហាយ​ដែល​គេ​ធ្លាប់​ហៅថា ភាពធីងធោង​ក្បាល អាច​ធ្វើ​ឲ្យ​ឈឺ​ក្បាល ចង់ក្អួត និង រោគ​សញ្ញា​មិនស្រួល​ខ្លួន​ផ្សេងទៀត។ ភាពស្រវឹង ឬ “ធីងធោង” ប៉ុណ្ណា ដែល​អ្នក​ទទួល​អារម្មណ៍ គឺ​អាស្រ័យ​លើ​អ្នកពិសា​ប៉ុណ្ណា, ពេល និង ល្បឿន​ដែល​អ្នក​ពិសា​លឿន​ប៉ុណ្ណា, ទម្ងន់​ខ្លួន​របស់​អ្នក និង ភេទ​របស់​អ្នក (ចំពោះ​ស្ត្រី​នឹង​មាន​កម្រិត​ជាតិ​ស្រវឹង​ក្នុង​ឈាម​ខ្ពស់ សម្រាប់​ការប្រើប្រាស់​បរិមាណ​ដូចគ្នា​នឹង​បុរស)។ វា​ក៏​អាស្រ័យ​លើ​កត្តា​ជាច្រើន​ដូចជា​ការ​ដែល​អ្នក​បាន​បរិភោគ​អាហារ​ប៉ុណ្ណា និង ពេលណា​ផងដែរ។

ជាតិស្រវឹង​អាច​ធ្វើ​ឲ្យ​ភាពរ៉ឺភ្លិច​របស់​អ្នកយឺត, ធ្វើ​ឲ្យ​អន់ថយ​ចលនា​រួមផ្តុំ​របស់អ្នក និង នាំ​ឲ្យ​ខូច​ភ្នែក​របស់​អ្នក។ វា​ក៏​អាច​បង្ក​ឲ្យ​ការចងចាំ​ភ្លឹកភ្លាំង ឬ សូម្បី​តែ​បាត់បង់​ស្មារតី។ ដូច្នេះ វា​ជា​គំនិត​មិន​ល្អ​ទាល់តែសោះ ក្នុង​ការបើកបរ​រថយន្ត ឬ ធ្វើ​សកម្មភាព​អ្វី​ផ្សេងទៀត​ដែល​ត្រូវការ​តុល្យភាព និង ចលនា​រួមផ្តុំ បន្ទាប់​ពី​ការពិសា​ជាតិស្រវឹង។

ជាតិស្រវឹង​ភាគច្រើន​ដែល​អ្នក​ពិសា​ត្រូវ​បាន​បំបាត់​ដោយ​ថ្លើម​របស់​អ្នក​ទៅ​ជា​ឧស្ម័ន​កាបូនិច និង ទឹក ប៉ុន្តែ​វា​អាច​ត្រូវការ​ពេល​ដល់​ទៅ​បី​ម៉ោង​ដើម្បី​ឲ្យ​រាងកាយ​របស់​អ្នក​ឈាន​ទៅ​ដល់​លក្ខណៈ​គ្មាន​ជាតិ​ស្រវឹង បន្ទាប់​ពី​ការពិសា​មួយកែវ​ប៉ុណ្ណោះ។ ជាតិ​ស្រវឹង​ក៏​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​របស់​អ្នក​កើនឡើង, បង្កើន​អត្រា​បេះដូង​លោត​របស់​អ្នក និង ធ្វើ​ឲ្យ​វា​លោត​ខុស​ប្រក្រតី។ ប្រសិន​បើ​អ្នក​ពិសា​ក្នុង​បរិមាណ​ច្រើន ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ វា​ពិត​ជា​អាច​បង្កើន​ទំហំ​នៃ​បេះដូង​របស់អ្នក និង បំផ្លាញ​ថ្លើម ព្រមទាំង​សរីរាង្គ​ផ្សេងទៀត​របស់​អ្នក។

សូម្បី​តែ​ការពិសា​ច្រើន​ពេក​ក្នុង​មួយ​លើក​ក៏​អាច​បង្ក​នូវ “ការបំពុល​ដោយ​ជាតិស្រវឹង​ខ្លាំងក្លា” ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​ដែរ។

តើ​ជាតិស្រវឹង​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ដូចម្តេច?

មនុស្ស​មួយ​ចំនួន “កត់​សម្គាល់” ថា ការពិសា​ពីរ​កែវ​អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​សម្រាក និង ទន់​ដៃ​ទន់​ជើង ឯ​អ្នកដទៃ​ទៀត​មាន​អារម្មណ៍​ទុក្ខសោក, រសាប់​រសល់ ឬ ឆេវឆាវ។ បរិមាណ​នៃ​ជាតិស្រវឹង​ដូចគ្នា​ក៏​អាច​ធ្វើ​ឲ្យ​រាងកាយ​ផ្លាស់​ប្តូរ​ផងដែរ គឺ​វា​ពិត​ជា​ពិបាក​ក្នុង​ការគ្រប់គ្រង​ខ្លួន​របស់​អ្នក ព្រោះ​ល្បឿន​ប្រតិកម្ម​របស់​អ្នក​ធ្លាក់ចុះ សូម្បី​តែ​ការស្តាប់ឮ និង ការដឹង​រស់ជាតិ​ក៏​ធ្លាក់ចុះ​ដែរ។ បន្ត​ការពិសា និង នៅពេល​អ្នក​ពិសា​កែវ​ទី​បី, បួន ឬ ប្រាំ ការវិនិច្ឆ័យ និង ហេតុផល​របស់​អ្នក​នឹង​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់។

ការបន្ត​ពិសា និង ឥទ្ធិពល​នៃ​ជាតិស្រវឹង​កាន់តែ​មាន​ភាពធ្ងន់ធ្ងរ។ អ្នក​អាច​ក្លាយ​ជា​មនុស្ស​មាន​ចិត្ត​រំជួល, មុខ​ឡើង​ក្រហម, ឈ​មិន​នឹង ឬ និយាយ​មិន​បាន​ច្បាស់​ល្អ។ ការពិត​គឺ​ថា អ្នក​ស្រវឹង​ហើយ! ភ្លាមៗ​នោះ អ្នក​អាច​ដេក​សន្លប់ និង ភ្ញាក់ឡើង​នៅ​ថ្ងៃស្អែក​ដោយ​គ្មាន​ការចងចាំ​ពី​យប់​មុន​នោះ។ អ្នក​នឹង​សម្រាន្ត​យ៉ាង​លង់លក់​ដែរ មុនពេល​ភ្ញាក់ឡើង​មាន​ការ​ឈឺក្បាល ឆ្អល់​ក្តៅ​ដង្ហើម ចង់ក្អួត ឈឺ​សាច់ដុំ និង ស្ងួតមាត់។ សម្រាប់​ការព្យាបាល​ភាពធីងធោង​ទាំងនេះ (កាហ្វេ​ខ្មៅ, ការមុជ​ទឹក​ផ្កាឈូក​ត្រជាក់ ការស្រូប​យក​ខ្យល់​បរិសុទ្ធ ឬ ការធ្វើ​អ្វី​ផ្សេងទៀត) អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ឡើង ប៉ុន្តែ​មិន​បង្កើន​ល្បឿន​បញ្ចេញ​ជាតិ​ស្រវឹង​ចេញ​ពី​ខ្លួន​របស់​អ្នក​ឡើយ។ ខ្លួន​របស់​អ្នក​បំបាត់​ជាតិ​ស្រវឹង​ក្នុងអត្រា​មួយ​ប្រហែល​មួយ​ឯកតា ក្នុង​ពេល​មួយ​ម៉ោង​កន្លះ/ពីរ​ម៉ោង (មួយ​ឯកតា​គឺ​ស្រាបៀរ ២៥ សង់ទីលីត្រ)។

អ្នកប្រើប្រាស់​ជា​ប្រចាំ​អាច​មាន​អារម្មណ៍​ថា​ត្រូវការ​ពិសា​ច្រើន​ដើម្បី​អាច​ទទួល​វេទនារម្មណ៍​ដូចគ្នា ពីព្រោះ​ពួកគេ​បាន​បង្កើត​ភាពទទួល​ជាតិស្រវឹង​ខ្ពស់។ ភេទ អាយុ ចំណង​សេនេទិក ទំហំ និង ទម្ងន់​របស់អ្នក​ក៏អាច​ជះ​ឥទ្ធិពល​លើ​វិធី​ដែល​អ្នក “មានអារម្មណ៍” នៅពេល​អ្នក​ពិសា​ជាតិស្រវឹង​ផងដែរ។

សេចក្តី​ណែនាំ​អំពី​ការពិសា

ប្រទេស​ផ្សេងៗ​បោះពុម្ព​ផ្សាយ​សេចក្តី​ណែនាំ​ផ្សេងៗគ្នា។ ឧទាហរណ៍ សេចក្តីណែនាំ​ពី​របបអាហារ​នៅ​សហរដ្ឋ​អាមេរិក​មាន​ផ្នែក​ស្តីពី​ជាតិ​ស្រវឹង​ដែល​អាច​ចូល​ទៅ​មើល​បាន​តាម www.health.gov/dietaryguidelines។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ និង វេជ្ជបណ្ឌិត​ភាគ​ច្រើន​យល់​ស្រប​ថា បុរស​អាច​រីករាយ​នឹង​ជាតិ​ស្រវឹង​ក្នុង​មួយថ្ងៃ​ដោយ​សុវត្ថិភាព​ពី ១០ ទៅ ២០ ក្រាម (គឺ​ស្រាបៀរ ១២ អោនស៍ ពីរ​ដប) និង អាច​ទទួល​ការការពារ​មួយ​ចំនួន​ប្រឆាំង​នឹង​ជម្ងឺ​គាំង​បេះដូង​ពី​ការធ្វើ​ដូច្នោះ។ ស្ត្រី​បាន​ទទួល​ដំបូន្មាន​ឲ្យ​ពិសា​ក្នុង​កម្រិត ១០ ក្រាម ក្នុង​មួយ​ថ្ងៃ គឺ​ត្រឹម​ស្រា ឬ ស្រាបៀរ​មួយ​កែវ។

សេចក្តី​ណែនាំ​ទូទៅ​អំពី​ការពិសា​ជាតិ​ស្រវឹង

នៅពេល​អ្នក​ពិសា “កំហាប់​ជាតិ​ស្រវឹង​ក្នុងឈាម” (BAC) របស់​អ្នក​អាស្រ័យ​លើ​កត្តា​ជាច្រើន រួមមាន៖ តើ​អ្នក​ជា​បុរស ឬ ស្ត្រី? តើ​អ្នក​បាន​ពិសា​ជាតិ​ស្រវឹង​ច្រើន​ប៉ុណ្ណា? តើ​អ្នក​បាន​ពិសា​ជាតិ​ស្រវឹង​យូរ​ប៉ុណ្ណា​ហើយ? តើ​អ្នក​បាន​បរិភោគ​អាហារ​អ្វី​ខ្លះ? តើ​អ្នក​មាន​កម្ពស់ និង ទម្ងន់​ប៉ុន្មាន? តើ​ស្ថានភាព​សុខភាព​របស់​អ្នក​ដូចម្តេច?

ដោយសារ​ភាពខុសគ្នា​ទាំងនេះ និង ដោយសារ​ខ្លួន​របស់​អ្នក​ចាប់ផ្តើម​បំបាត់​ជាតិស្រវឹង ពេល​ដែល​អ្នក​ចាប់ផ្តើម​ពិសា វា​ពិបាក​ក្នុង​ការប្រាប់​អ្នក​ឲ្យ​ច្បាស់​ថា​ជាតិ​ស្រវឹង​ប៉ុណ្ណា​ដែល​មាន​នៅក្នុង​ខ្លួន​របស់​អ្នក​នៅពេល​ណា​មួយ​នោះ ឬ តើ​វា​ប៉ះពាល់​ដល់​អ្នក​ប៉ុណ្ណា។ អ្វី​ដែល​យើង​ដឹង​ច្បាស់​គឺ​ថា​ថ្លើម​របស់​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ត្រូវការ​ពេល​ប្រហែល ២ ឬ ៣ ម៉ោង​ដើម្បី​បំបែក និង បំបាត់​ជាតិ​ស្រវឹង​ជា​មធ្យម ១៤ ក្រាម នៃ​ការពិសា​តាម​បទដ្ឋាន​មួយកែវ។

ដូច្នេះ​សូម​ចងចាំ​ថា បើ​អ្នក​ពិសា ២-៣ ឯកតា​នៃ​ស្រាបៀរ, ស្រា ឬ សុរា អ្នក​នៅ​តែ​អាច​មាន​ជាតិ​ស្រវឹង​មួយ​ចំនួន​នៅក្នុង​ឈាម​របស់​អ្នក ២ ឬ ៣ ម៉ោង​ក្រោយ​មក។ ការពិសា​ច្រើន​នៅ​ពេល​ល្ងាច អ្នក​នៅ​តែ​អាច​លើស​កម្រិត​ស្រប​ច្បាប់​សម្រាប់​ការ​បើកបរ​នៅ​ព្រឹក​បន្ទាប់។

មនុស្ស​ជាច្រើន​ពិសា​ជាតិ​ស្រវឹង​ច្រើន​តាម​ឱកាស ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​តូច​នៃ​ពួកគេ​គឺ​ជា​អ្នកប្រមឹក។ ប៉ុន្តែ​សូម្បី​តែ​ដូច្នោះ ភាពស្រវឹង​មិន​ដែល​មើល​ទៅ​ឃើញ​ល្អ និង មិន​ដែល​មាន​អារម្មណ៍​ល្អ​បន្ទាប់​ពី​នោះ​ឡើយ។ វា​មិន​ដែល​មាន​សុវត្ថិភាព​ពេញ​លេញ​ទេ ហើយ​អ្នក​ក៏​គួរ​តែ​ជៀស​វាង​ផងដែរ។ ការប្រើប្រាស់​ជាតិ​ស្រវឹង​ត្រឹមត្រូវ​អាច​មាន​ផលប្រយោជន៍​សម្រាប់​សុខភាព​របស់​អ្នក។ ការប្រើប្រាស់​បំពាន​លើ​ជាតិ​ស្រវឹង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។

ដូច្នេះ​តើ​អ្វី​ជា​ការប្រើប្រាស់​ជាតិ​ស្រវឹង​ដ៏​ត្រឹមត្រូវ? អ្នកវិទ្យាសាស្ត្រ និង វេជ្ជបណ្ឌិត​ភាគ​ច្រើន​យល់ស្រប​ថា​បុរស​អាច​រីករាយ​នឹង​ជាតិស្រវឹង ៣ ឯកតា ក្នុង​មួយ​ថ្ងៃ (ស្រាបៀរ​ឯកតា ២៥ សង់ទីលីត្រ) និង អាច​ទទួល​បាន​នូវ​ការការពារ​មួយ​ចំនួន​ប្រឆាំង​នឹង​ជម្ងឺ​គាំង​បេះដូង​ពី​ការធ្វើ​ដូច្នោះ ជាពិសេស​នៅពេល​ដែល​ពួកគេ​មាន​អាយុ ៤៥ ឆ្នាំ និង លើស​ពី​នេះ។ ស្ត្រី​បាន​ទទួល​ដំបូន្មាន​ឲ្យ​ពិសា​ត្រឹមតែ​ពីរ​ឯកតា​ក្នុង​មួយ​ថ្ងៃ។

សេចក្តី​ណែនាំ​អំពី​ការពិសា​ជាតិ​ស្រវឹង​សម្រាប់​បុរស និង ស្ត្រី

សេចក្តី​ណែនាំ​អំពី​របប​អាហារ​របស់​រដ្ឋាភិបាល​អាមេរិក​ផ្តល់​ដំបូន្មាន​ឲ្យ​បុរស​ពិសា​ជាតិ​ស្រវឹង “ឲ្យល្មម”។ នេះ​មាន​ន័យ​ថា​ពិសា​តាម​បទដ្ឋាន​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស និង មួយ​កែវ​សម្រាប់​ស្ត្រី។ អ្នក​អាច​អាន​សេចក្តី​ណែនាំ​នេះ​ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​តាម www.health.gov/dietaryguidelines

សេចក្តី​ណែនាំ​តែ​មួយ​នេះ​ក៏​សង្កត់​ធ្ងន់​លើ​ហានិភ័យ​នៃ​ការពិសា​ជាតិ​ស្រវឹង​លើស​កំណត់​ផងដែរ។ ហានិភ័យ​លើ​សុខភាព​ដែល​បាន​រាយ​រួមមាន៖ ជម្ងឺ​លើស​ឈាម ជម្ងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ជម្ងឺ​ក្រិន​ថ្លើម ជម្ងឺ​រលាក​លំពែង ជម្ងឺ​ខូច​ខួរ​ក្បាល និង មហារីក រួមទាំង​មហារីក​សុដន់​ផងដែរ។ ហានិភ័យ​នៃ​គ្រោះថ្នាក់​យានយន្ត និង របួស​ដទៃ​ទៀត ក៏ដូចជា​គ្រោះថ្នាក់​ក្នុង​អំឡុងពេល​មានគភ៌​ដែល​អាច​នាំ​ឲ្យ​រលូត​កូន ក៏​បាន​បញ្ជាក់​ផង​ដែរ។

វា​មាន​សារៈសំខាន់​ក្នុង​ការចងចាំ​ថា​ជាតិស្រវឹង​ជះ​ឥទ្ធិពល​ដល់​បុរស និង ស្ត្រី​ខុសគ្នា។ ដោយសារ​ស្ត្រី​មាន​ជាតិ​ទឹក​តិច​ជាង​បុរស​នៅ​ក្នុង​ខ្លួន​របស់​ពួកគេ ពួកគេ​អាច​ងាយ​ស្រវឹង​លឿន​ជាង​បុរស​ដែល​មាន​ទម្ងន់​ខ្លួន​ស្មើគ្នា ប៉ុន្តែ​ត្រូវការ​ពេល​វែង​ជាង​ដើម្បី​បំបាត់​ជាតិ​ស្រវឹង។

វា​ក៏​មាន​ផលប្រយោជន៍​ដល់​សុខភាព​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​ជាតិ​ស្រវឹង​ល្មម​ផង​ដែរ។ វា​អាច​បន្ថយ​ហានិភ័យ​នៃ​ការកើត​ជម្ងឺ​គាំង​បេះដូង ដែល​ភាគច្រើន​មាន​លើ​បុរស​អាយុ​លើស​ពី ៤៥ ឆ្នាំ និង ស្ត្រី​ដែល​មាន​អាយុ​លើស​ពី​៥៥ ឆ្នាំ។ ប៉ុន្តែ​កត្តា​ដទៃទៀត​ក៏​ដើរ​តួ​សំខាន់​ផង​ដែរ រួមមាន​របប​អាហារ​ដែល​មាន​សុខភាព​ល្អ,លំហាត់​ប្រាណ ការមិន​ជក់​បារី និង ការរក្សា​ទម្ងន់​ខ្លួន​ដែល​មាន​សុខភាព​ល្អ។

មនុស្ស​ដែល​មិន​គួរ​ពិសា​ជាតិ​ស្រវឹង

សេចក្តី​ណែនាំ​សម្រាប់​ការប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​នៅទីនេះ​គ្រាន់​តែ​ជា​សេចក្តី​ណែនាំ​ប៉ុណ្ណោះ។ វា​អាច​ជួយ​អ្នក​ពិសា​ក្នុង​បរិមាណ​ល្មម ប៉ុន្តែ​ចុងក្រោយ បុគ្គល​ម្នាក់ៗ​នៅ​តែ​ត្រូវ​ទទួល​ខុសត្រូវ​លើ​អ្វី​ដែល​ពួកគេ​ប្រើប្រាស់។ ទោះជា​យ៉ាង​នេះ​ក្តី មនុស្ស​មួយ​ចំនួន​ត្រូវ​ដឹង​បន្ថែម​ទៀត​អំពី​ហានិភ័យ​នៃ​ជាតិ​ស្រវឹង។

មនុស្ស​ខាងក្រោម​មិនគួរ​ពិសា​ជាតិ​ស្រវឹង​ទាល់​តែ​សោះ៖

  • កូនក្មេង និង ក្មេងជំទង់។
  • មនុស្ស​ដែល​មិន​អាច​ពិសា​ត្រឹម​កម្រិត​ល្មម – អ្នកប្រមឹក​អាច​រើ​ឡើង​វិញ, អ្នក​ផឹក​មាន​បញ្ហា និង អ្នក​ដែល​មាន​ប្រវត្តិ​គ្រួសារ​មាន​បញ្ហា​នឹង​ជាតិ​ស្រវឹង។
  • ស្ត្រី​ដែល​មាន​គភ៌ ឬ អាច​មាន​គភ៌
  • មនុស្ស​ដែល​គ្រោង​បើកបរ, ដំណើរការ​គ្រឿង​ម៉ាស៊ីន ឬ ធ្វើ​សកម្មភាព​ដែល​ត្រូវការ​ការផ្តោត​អារម្មណ៍, ជំនាញ ឬ ចលនា​រួមផ្តុំ។
  • មនុស្ស​ដែល​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា ឬ ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ដែល​អាច​អន្តរកម្ម​ជាមួយ​ជាតិ​ស្រវឹង។

ការពិសា​ដែល​មាន​គ្រោះថ្នាក់

នៅក្នុង​ស្ថានភាព​មួយចំនួន និង សម្រាប់​មនុស្ស​ដែល​មាន​ស្ថានភាព​សុខភាព​មួយ​ចំនួន ការពិសា​ជាតិស្រវឹង​ក្នុង​បរិមាណ​ណា​ក៏​ដោយ ក៏​អាច​បង្កើត​នូវ​ហានិភ័យ​យ៉ាង​សំខាន់​ចំពោះ​សុខភាព និង សុវត្ថិភាព​ដែរ។

ការពិសា​ជាតិស្រវឹង និង ការបើកបរ

សារ​នេះ​គឺ​ច្បាស់​ល្អ៖ ជាតិស្រវឹង និង ការបើកបរ​គឺ​ជា​ល្បាយ​នៃ​ការស្លាប់។ វិធី​ដែល​មាន​សុវត្ថិភាព​បំផុត​គឺ បើ​អ្នក​កំពុង​គ្រោង​បើកបរ ចូរកុំ​ពិសា​ជាតិស្រវឹង។ ការបើកបរ​ដោយ​សុវត្ថិភាព​ត្រូវការ​នូវ​ការមើល​ឃើញ​ច្បាស់​ល្អ, ស្តាប់​ឮ​ល្អ និង ប្រតិកម្ម​លឿន។ ជាតិស្រវឹង​ធ្វើ​ឲ្យ​ធាតុ​ទាំង​បី​នេះ​អន់ខ្សោយ។ តាម​ពិត សមត្ថភាព​របស់​អ្នក​ក្នុង​ការបើកបរ​ដោយ​សុវត្ថិភាព​អាច​ត្រូវ​បាន​បន្ថយ​នៅ​កម្រិត​ជាតិស្រវឹង​ក្នុង​ឈាម​ក្រោម​ដែនកំណត់​ស្រប​ច្បាប់ ដោយ​អាស្រ័យ​លើ​អាហារ​ច្រើន​ប៉ុណ្ណា​ដែល​អ្នក​បាន​បរិភោគ, នៅ​ពេលណា, អារម្មណ៍​របស់​អ្នក​ដូចម្តេច, អាហារ​រលាយ​ក្នុង​រាងកាយ​របស់​អ្នក និង កម្រិត​នៃ​ភាពអស់​កម្លាំង​របស់​អ្នក។

ដូច្នេះ បើ​អ្នក​ពិសា​ជាតិស្រវឹង​ក្នុង​បរិមាណ​ណាមួយ និង បើកបរ អ្នក​ពិត​ជា​កំពុង​ប្រថុយ​នឹង​គ្រោះថ្នាក់​នៃ​ការសម្លាប់ ឬ ការធ្វើ​ឲ្យ​របួស​ដល់​ខ្លួន​របស់​អ្នក និង អ្នកដទៃ។ អ្នក​ក៏​អាច​ត្រូវ​បាន​ចាប់ខ្លួន និង ផ្តន្ទាទោស​ពី​ការបើកបរ​ពេល​ស្រវឹង ដែល​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ប្រាក់​ពិន័យ, ការបាត់បង់​ប័ណ្ណ​បើកបរ និង សូម្បី​តែ​ការជាប់​ពន្ធ​ធនាគារ។

ហានិភ័យ​ទាំងនេះ​គឺ​ពិត​ជា​ខ្ពស់​ណាស់៖ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ជ្រើស​ជម្រើស​ត្រឹមត្រូវ។

ការពិសា​ជាតិស្រវឹង​នៅ​កន្លែង​ធ្វើការ

ការប្រើប្រាស់​ជាតិស្រវឹង​នៅ​កន្លែង​ធ្វើការ សូម្បី​តែ​ក្នុង​កម្រិត​ទាប​បំផុត​ក៏ដោយ ក៏​អាច​បង្ក​បញ្ហា​ធំ​បាន​ដែរ ដោយ​វា​អាច​ប៉ះ​ពាល់​ដល់​ការវិនិច្ឆ័យ​របស់​អ្នក និង ជំនាញ​គ្រឿង​ម៉ាស៊ីន​របស់​អ្នក។ ជាធម្មតា វា​គ្មាន​កម្រិត​ណាមួយ​នៅ​ពី​ក្រោម​អ្វី​ដែល​អ្នក​មិន​ទទួល​ការប៉ះពាល់​នោះឡើយ។ តាមពិត ភាពធីងធោង​អាច​ធ្វើ​ឲ្យ​ការប្រតិបត្តិ​របស់​អ្នក​អន់ខ្សោយ បើ​ទោះបី​ជា​កំហាប់​ជាតិស្រវឹង​នៅក្នុង​ឈាម​របស់​អ្នក​អាច​ស្មើ​សូន្យ​ក៏​ដោយ។

ការពិសា​ជាតិស្រវឹង​នៅ​កន្លែង​ធ្វើ​ការ​អាច​បង្ក​បញ្ហា​ក្នុង​រយៈពេល​ខ្លី និង វែង។ ក្នុង​រយៈពេល​ខ្លី គឺ​កម្រិត​ជាតិស្រវឹង​ក្នុង​ឈាម​ដែល​បាន​កើនឡើង ធ្វើ​ឲ្យ​ប្រសិទ្ធិភាព​ការងារ និង សុវត្ថិភាព​របស់​អ្នក​ស្ថិត​ក្នុង​ហានិភ័យ ដែល​នាំ​ឲ្យ​មាន​កំហុស​ក្នុង​ការវិនិច្ឆ័យ និង គ្រោះថ្នាក់​ដោយ​ចៃដន្យ។ ក្នុង​រយៈពេល​វែង គឺ​ការពិសា​ជាតិ​ស្រវឹង​យូរ​អង្វែង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សង្គម ផ្លូវចិត្ត និង វេជ្ជសាស្ត្រ​ជាច្រើន រួមទាំង​ភាពប្រមឹក។ ការពិសា​ច្រើន​ក្នុង​រយៈពេលវែង អ្នក​នឹង​ទំនង​ជា​បាត់បង់​ការងារ​ដោយសារ​ជម្ងឺ ហើយ​រាងកាយ និង ជំនាញ​ទាក់ទង​របស់​អ្នក​កាន់​តែ​ឆាប់​ខូច។

ការពិសា​ជាតិស្រវឹង និង កីឡា

ជាតិ​ស្រវឹង និង កីឡា​ដែល​សកម្ម​មិន​លាយ​ចូល​គ្នា​បាន​ល្អ​ឡើយ។ បើ​អ្នក​គ្រោង​ហាត់ប្រាណ សូម​កុំ​ពិសា​ជាតិ​​ស្រវឹង។ ជាតិ​ស្រវឹង​ពន្លឿន​ជីពចរ និង អត្រា​ដក​ដង្ហើម​របស់​អ្នក និង ធ្វើ​ឲ្យ​អ្នក​ខ្សោះ​ទឹក​ផងដែរ ដូច្នេះ​ស្ថានភាព​រាងកាយ​របស់​អ្នក​ទទួល​រង​ភ្លាមៗ។ សមត្ថភាព​របស់​អ្នក​ក្នុង​ការទទួល​អារម្មណ៍​ឈឺចាប់​ក៏​ថយចុះ​ផងដែរ ដែល​វា​បង្កើន​ហានិភ័យ​នៃ​ការរង​របួស។ អ្នក​នឹង​ចំណាយ​ច្រើន​សម្រាប់​ការពិសា​ជាតិស្រវឹង​បន្ទាប់​ពី​លំហាត់​ប្រាណ ពីព្រោះ​នៅពេល​មាន​កម្រិត​សំណើម​ទាប​នៅក្នុង​ខ្លួន​របស់​អ្នក អ្នក​នឹង​បំបែក​អាស៊ីតឡាទិក​មិន​សូវ​មាន​ប្រសិទ្ធិភាព ដែល​ធ្វើ​ឲ្យ​ឈឺ​អវយវៈ។

ការពិសា​ជាតិ​ស្រវឹង​ក្នុង​អំឡុងពេល​មាន​គភ៌

ការស្រាវជ្រាវ​បង្ហាញ​ថា សូម្បី​តែ​កម្រិត​ជាតិ​ស្រវឹង​ទាប​ខ្លាំង​ក៏​អាច​ធ្វើ​ឲ្យ​គភ៌​របស់​មនុស្ស​ខូច​ដែរ ដូច្នេះ​ការពិសា​ជាតិ​ស្រវឹង​ក្នុង​អំឡុងពេល​មាន​គភ៌​គឺ​មាន​ហានិភ័យ​ពិតៗ។

ជាតិស្រវឹង​ទាំង​ឡាយ​ដែល​អ្នកពិសា​ក្នុង​អំឡុងពេល​មាន​គភ៌​នឹង​ចូល​ទៅ​ដល់​សុក ដូច្នេះ​នៅពេល “ម្តាយ” ពិសា កូន​របស់​នាង​ក៏​បាន​ទទួល​ផងដែរ។ តាមពិត កំហាប់​នៃ​ជាតិស្រវឹង​នៅ​ក្នុង​ឈាម​របស់​ទារក​នឹង​មាន​ដូចគ្នា​នឹង​ម្តាយ​របស់​វា ហើយ​ទារក​ដែល​មិន​ទាន់​កើត​មិន​អាច​ដំណើរការ​វា​ក្នុង​អត្រា​មួយ​ដូចគ្នា​ឡើយ និង អាច​មាន​ជាតិ​ស្រវឹង​នៅក្នុង​ឈាម​របស់​វា​ដល់​ទៅ ២៤ ម៉ោង។

ការប្រើប្រាស់​បំពាន​យ៉ាង​រ៉ាំរ៉ៃ​លើ​ជាតិ​ស្រវឹង

វា​ពិត​ជា​លំបាក​ក្នុង​ការដឹង​ពី​ភាគរយ​នៃ​មនុស្ស​ដែល​ពិសា​លើស​ក្នុង​អំឡុងពេល​វែង​មួយ តាម​ពិត​ការបង្ហាញ​ដ៏ល្អ​បំផុត​ដែល​យើង​កម្រិត​ការប្រើប្រាស់​បំពាន​យ៉ាង​រ៉ាំរ៉ៃ​លើ​ជាតិ​ស្រវឹង​គឺ​ចំនួន​នៃ​មរណភាព​បណ្តាល​ពី​ជម្ងឺ​ក្រិន​ថ្លើម។

ជម្ងឺ​ក្រិន​ថ្លើម​មានន័យថា ជាលិកា​ថ្លើម​ធម្មតា​ត្រូវ​បាន​ជំនួស​ដោយ​កោសិកា​មិន​ធ្វើ​មុខងារ។ ស្ថានភាព​នេះ​ច្រើន​បង្ក​ឡើង​ដោយ​ការប្រើប្រាស់​បំពាន​យ៉ាងរ៉ាំរ៉ៃ​លើ​ជាតិ​ស្រវឹង គឺថា​មាន​ពេល​ខ្លះ ពេល​មនុស្ស​បាន​ពិសា​ច្រើន​ក្នុង​អំឡុងពេល ១០ ឬ ២៥ ឆ្នាំ។
ការពិសា​លើស​ក្នុង​អំឡុងពេល​យូរ​ក៏​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ដទៃទៀត​ជាច្រើន​ផងដែរ រួមទាំង​ជម្ងឺ​បេះដូង មហារីក និង ភាពប្រមឹក។

ភាពប្រមឹក

ភាពពឹងផ្អែក​លើ​ជាតិ​ស្រវឹង ឬ “ភាពប្រមឹក” គឺ​ជា​ស្ថានភាព​ជាក់លាក់​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ពឹងផ្អែក​លើ​ជាតិស្រវឹង​ទាំង​ខាង​រាងកាយ និង ផ្លូវចិត្ត។

តាម​ពាក្យ​ធម្មតា អ្នកប្រមឹក​គឺ “ញៀន” នឹង​ជាតិ​ស្រវឹង។ បើ​ពួកគេ​ឈប់​ពិសា​ជាតិ​ស្រវឹង ពួកគេ​ទទួល​រង​នូវ​រោគ​សញ្ញា​ប្រឆាំង​ភាពញៀន​ខាង​រាងកាយ និង ផ្លូវចិត្ត និង ចង់​ពិសា​ជាតិស្រវឹង​ខ្លាំង។ បរិមាណ​នៃ​ការប្រើប្រាស់​ជាតិ​ស្រវឹង​មិន​មែន​ជា​រោគ​សញ្ញា​ផ្ទាល់​នៃ​ជម្ងឺ​នេះ​ទេ ទោះបី​ជា​ការពិសា​ជាតិស្រវឹង​លើស​ចំនួន​ក្នុង​រយៈពេលវែង​អាច​នាំ​ទៅ​ដល់​ការវិវឌ្ឍន៍​ដោយ​ខ្លួន​វា​ក៏ដោយ។ កត្តា​សេនេទិក​ក៏​មាន​សារៈសំខាន់​ផងដែរ ដូច្នេះ​វា​ជា​ការល្អ​ក្នុង​ការស្គាល់​ពី​ប្រវត្តិគ្រួសារ​របស់​អ្នក នៅពេល​អ្នក​មាន​ការព្រួយបារម្ភ​ពី​ជាតិ​ស្រវឹង។

បើ​អ្នក​មាន​បញ្ហា​គ្រប់គ្រង​ការពិសា​ជាតិ​ស្រវឹង​របស់​អ្នក​ក្នុង​កម្រិត​ល្មម អ្នក​គួរ​ស្វែងរក​ដំបូន្មាន​វេជ្ជសាស្ត្រ ពីព្រោះ​ផលវិបាក​នៃ​ភាពប្រមឹក​អាច​ធ្ងន់ធ្ងរ សម្រាប់​អ្នក​ទទួលរង,មិត្តភក្តិ​របស់​គេ និង គ្រួសារ​របស់​គេ។

គោលការណ៍​នៃ​ជាតិស្រវឹង

សេចក្តីថ្លែង​អំពី​គោលការណ៍​នៃ​ជាតិ​ស្រវឹង​របស់​យើង​កំណត់​នូវ​បទដ្ឋាន និង ព្រំដែន ព្រមទាំង​ណែនាំ​សកម្មភាព​របស់​យើង​លើ​បញ្ហា​ទាំងអស់​ដែល​ទាក់ទង​នឹង​ជាតិស្រវឹង។

មនុស្ស​ជា​ច្រើន​លាន​នាក់​នៅលើ​ពិភពលោក​រីករាយ​នឹង​ស្រាបៀរ​របស់​យើង និង ពិសា​វា​ក្នុង​កម្រិត​ល្មម ជា​ផ្នែក​មួយ​នៃ​ជីវិត​រស់នៅ​ដ៏​វិជ្ជមាន។ ពិត​ណាស់ មនុស្ស​មួយ​ចំនួន​មិន​ពិសា​ដោយ​មាន​ទំនួល​ខុសត្រូវ​ឡើយ ហើយ​សម្រាប់​ពួកគេ ជាតិស្រវឹង​អាច​បង្ក​នូវ​ភាពលំបាក​ពិតប្រាកដ តាម​ដែល​វា​អាច សម្រាប់​អ្នក​នៅ​ជុំវិញ​ខ្លួន​ពួកគេ។ តបត​មក​វិញ រដ្ឋាភិបាល​មួយ​ចំនួន​ព្យាយាម​កម្រិត​ផលិតកម្ម ការលក់ ការផ្សព្វផ្សាយ​ទីផ្សារ និង ការប្រើប្រាស់​ជាតិ​ស្រវឹង រួមទាំង​ស្រាបៀរ​ផងដែរ។

យើង​មិន​គិត​ថា​នេះ​គឺ​ជា​វិធី​ដ៏​ល្អ​ដើម្បី​បង្ហាញ​ពី​បញ្ហា​នៃ​ការពិសា​ជាតិស្រវឹង​ដោយ​គ្មាន​ទំនួលខុសត្រូវ​ឡើយ។ ជា​ការពិត វា​មាន​ផល​ប៉ះពាល់​ដ៏​ធំធេញ​លើ​អ្នកប្រើប្រាស់​ដែល​រីករាយ​នឹង​ស្រាបៀរ ស្រា និង សុរា​ដោយ​មាន​ទំនួល​ខុសត្រូវ។ យើង​ជឿ​ថា​វិធានការ​កាន់តែ​ជាក់លាក់ និង ផ្តោត​ឲ្យ​ចំ​គោលដៅ​គឺ​ត្រូវការ​ដើម្បី​ជួយ​មនុស្ស​ដែល​មាន​បញ្ហា​ក្នុង​ការពិសា​ជាតិ​ស្រវឹង នៅពេល​ដែល​អ្នកប្រើប្រាស់​ភាគច្រើន​នឹង​ទទួល​អាកប្បកិរិយា​ទទួល​ខុសត្រូវ បើ​ពួកគេ​បាន​ទទួល​ដំណឹង​អំពី​ផល​ប៉ះពាល់​នៃ​ជាតិស្រវឹង។
គោលការណ៍​នៃ​ជាតិស្រវឹង​របស់​យើង​កំណត់​នូវ​បទដ្ឋាន និង ព្រំដែន​ដែល​ជូនដំណឹង​អំពី​គំនិត​របស់​យើង និង ណែនាំ​សកម្មភាព​របស់​យើង​លើ​បញ្ហា​ទាំងអស់​ដែល​ទាក់ទង​នឹង​ជាតិ​ស្រវឹង។

គ្រួសារ & ជាតិស្រវឹង

ការសិក្សា​ជាច្រើន​បង្ហាញ​ថា​ឥទ្ធិពល​ដ៏​ធំ​លើ​អាកប្បកិរិយា និង ជម្រើស​របស់​កូនក្មេង និង ក្មេង​ជំទង់​គឺ​ឪពុកម្តាយ និង មិត្តភក្តិ ដូច្នេះ​វា​ពិត​ជា​ត្រឹមត្រូវ​ក្នុង​ការស្នើ​ឲ្យ​ឪពុកម្តាយ​ចូលចិត្ត​ជាតិ​ស្រវឹង​ដោយ​មាន​ទំនួលខុសត្រូវ ធ្វើ​ជា​ឧទាហរណ៍​ដ៏​ល្អ​សម្រាប់​ឲ្យ​កូន​របស់​ពួកគេ​ធ្វើ​តាម​នៅ​ពេល​អនាគត។
មិន​ថា​អ្នក​ពិសា​ជាតិស្រវឹង ឬ អត់ទេ បើ​អ្នក​មាន​កូន​តូចៗ អ្នក​គួរ​និយាយ​ជាមួយ​ពួកគេ​អំពី​ហានិភ័យ​ដែល​ទាក់ទង​ជាមួយ​នឹង​ការពិសា​ដែល​មិន​សមស្រប ដោយ​សង្កត់​ធ្ងន់​លើ​ព័ត៌មាន​ដែល​ថា​ការទិញ និង/ឬ ការពិសា​ជាតិស្រវឹង​ក្រោម​អាយុ​គឺ​ខុសច្បាប់ និង ចងចាំ​ថា​ការផ្គត់ផ្គង់​ជាតិ​ស្រវឹង​ដល់​មនុស្ស​ក្រោម​អាយុ​ក៏​ជា​បទល្មើស​ផងដែរ។

ការអប់រំ​អំពី​តម្លៃ​សង្គម និង គោលការណ៍​ផ្ទាល់​ខ្លួន​គឺ​ពិត​ជា​សំខាន់ ហើយ​ឪពុកម្តាយ​អាច​ជួយ​បង្រៀន​កូន​របស់​ពួក​គេ​អំពី​ផលប្រយោជន៍​នៃ​អាហារ​ដែល​មាន​សុខភាព​ល្អ លំហាត់​ប្រាណ​ជា​ប្រចាំ និង អាកប្បកិរិយា​ដែល​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ជាតិ​ស្រវឹង។ នៅពេល​ដ៏​ត្រឹមត្រូវ អាច​មុន​ពេល​ពិធី​ជប់​លៀង​នៅ​សាលា ឪពុកម្តាយ​អាច “ចាប់ផ្តើម​ការពិភាក្សា” អំពី​ជាតិ​ស្រវឹង។
គោលបំណង​នេះ​គឺ​ដើម្បី​ផ្តល់​ឲ្យ​ក្មេង​នូវ​ភាពជឿជាក់​ចំពោះ​ការវិនិច្ឆ័យ​ផ្ទាល់ខ្លួន​របស់​ពួកគេ និង និយាយ​ថា “ទេ” ចំពោះ​ការ​ពិសា​ក្រោម​អាយុ សូម្បី​តែ​ក្នុង​ករណី​ដែល​មិត្តភក្តិ​ដាក់​សម្ពាធ​ជម្រុញ​ឲ្យ​ផឹក​ក៏​ដោយ។ ដើម្បី​ធ្វើ​ដូច្នេះ យើង​ជឿជាក់​ថា​ពួកគេ​ត្រូវការ​រូបភាព​ពេញលេញ​មួយ។ ពួកគេ​ត្រូវ​យល់​ពី​គ្រោះថ្នាក់ ប៉ុន្តែ​ដឹង​ពី​ភាពសប្បាយ​រីករាយ​នៃ​ជាតិ​ស្រវឹង​ផងដែរ។

សំណួរ​សួរញឹកញាប់

នេះ​គឺ​ជា​ចម្លើយ​ចំពោះ​សំណួរ​ដែល​បាន​សួរ​ញឹកញាប់​បំផុត​អំពី​ជាតិស្រវឹង និង ផល​ប៉ះពាល់​របស់​វា។

តើ​ជាតិ​ស្រវឹង​ធ្វើ​អ្វី​ខ្លះ​ចំពោះ​អ្នក​នៅពេល​អ្នក​ពិសា​វា?

ពិសា​ស្រាបៀរ, ស្រា ឬ សុរា​មួយ​កែវ នោះ​ជាតិស្រវឹង​ដែល​វា​មាន​នឹង​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​របស់​អ្នក​តាម​ប្រព័ន្ធ​រំលាយ​អាហារ និង ចែកចាយ​ពេញ​រាងកាយ​របស់​អ្នក ក្នុង​រយៈពេល​ពីរ​បី​នាទី។ ចំណី​អាហារ​ទាំងឡាយ​ណា​នៅក្នុង​ក្រពះ​របស់​អ្នក​នឹង​ពន្យឺត​អត្រា​កិន​នៅពេល​មាន​វា ប៉ុន្តែ​ភ្លាមៗ នៅពេល​ដែល​ជាតិស្រវឹង​ចូល​ដល់​ខួរក្បាល​របស់​អ្នក វាប៉ះ​ពាល់​ដល់​មណ្ឌល​គ្រប់គ្រង​រាងកាយ​របស់​អ្នក ដែល​ធ្វើ​ឲ្យ​មាន​ភាពស្រវឹង។ តាម​បញ្ញត្តិ​ទូទៅ ក្រោយ​មក អ្នក​នឹង “បំបាត់” ជាតិ​ស្រវឹង ១ កែវ​បទដ្ឋាន​ (ស្រាបៀរ​មាន​ជាតិ​ស្រវឹង ៥% ចំណុះ ២៥ សង់ទីលីត្រ) ក្នុង​រយៈពេល​ពី​មួយ​ម៉ោង​កន្លះ​ទៅ​ពីរ​ម៉ោង។

តើ​មនុស្ស​ផ្សេងគ្នា “បំបាត់” ជាតិ​ស្រវឹង​ក្នុង​កម្រិត​មួយ​ផ្សេងគ្នា​ឬ​ទេ ហើយ​តើ​ស្រាបៀរ​មួយ​កែវ​អាច​ជា​ស្រាបៀរ​មួយ​កែវ​ច្រើន​ខ្លាំង​ឬទេ?

មនុស្ស​ភាគច្រើន​បំបាត់​ជាតិ​ស្រវឹង​ក្នុង​អត្រា​ដូចគ្នា គឺ​ប្រហែល ១ កែវ​បទដ្ឋាន រាល់​ពីរ​ម៉ោង។ ស្ថានភាព​សុខភាព​មួយ​ចំនួន ឬ ឱសថ​ខ្លះ​អាច​ពន្យឺត​អត្រា​នេះ​ឲ្យ​ធ្លាក់ចុះ និង បង្កើត​កម្រិត​ជាតិ​ស្រវឹង​ក្នុង​ឈាម​មធ្យម​ខ្ពស់​ជាង បន្ទាប់​ពី​ពិសា​ពីរ​បី​កែវ។ ភាពញឹកញាប់​ដែល​អ្នក​ពិសា​ពិត​ជា​មិន​ប៉ះពាល់​ដល់​ល្បឿន​ដែល​អ្នក​ស្រូប​ជាតិ​ស្រវឹង​ឡើយ គឺ​ទម្ងន់ និង ភេទ​ទេ​ដែល​ជា​កត្តា​មាន​សារៈសំខាន់។ ផ្ទុយ​មក​វិញ អ្នក​ពិសា​ញឹកញាប់​ទំនង​ជា​កត់​សម្គាល់​ឃើញ​ថា ភាពដឹង​ដែល​ជាតិ​ស្រវឹង​បង្កើត មាន​តិច​ជាង​អ្នក​ពិសា​មិន​ទៀង​ទាត់ ហើយ​ការពិត​នោះ​គឺ​ថា ម្នាក់ៗ “ធ្លាប់​ទទួល​បទពិសោធន៍” ពី​ជាតិស្រវឹង​តាម​វិធី​ផ្ទាល់ខ្លួន​របស់​ពួកគេ។

តើ​បរិមាណ​នៃ​ជាតិស្រវឹង​ប៉ុណ្ណា​ដែល​មាន​សុវត្ថិភាព​ក្នុង​ការពិសា?

វា​មាន​ការលែងលែង ប៉ុន្តែ​ការពិសា​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ​មិន​គួរ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ណា​មួយ​ដល់​បុរស​ពេញវ័យ​ភាគច្រើន​ឡើយ ហើយ​ស្ត្រី និង មនុស្ស​ចាស់​ភាគច្រើន​អាច​ពិសា​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​ដោយ​សុវត្ថិភាព (ការពិសា “មួយ​កែវ” គឺ​ស្រាបៀ​រចំណុះ ១២ អោនស៍, ស្រា​មួយ​កែវ​ចំណុះ ៥ អោនស៍ ឬ សុរា​មួយ​កូន​កែវ​ចំណុះ ១,៥ អោនស៍)។ មនុស្ស​មួយ​ចំនួន​មិនគួរ​ពិសា​ទាល់​តែ​សោះ ពីព្រោះ​ហានិភ័យ​គឺ​មាន​ខ្ពស់​ខ្លាំង។ អ្នក​ទាំងនោះ​រួមមាន​អ្នក​ដែល​គ្រោង​បើក​បរ ឬ ធ្វើ​អ្វី​ផ្សេងទៀត​ដែល​តម្រូវ​នូវ​ភាពដឹង​ខ្លួន, ចលនា​រួមផ្តុំ និង តុល្យភាព, មនុស្ស​ដែល​មាន​ស្ថានភាព​វេជ្ជសាស្ត្រ​ជាក់​លាក់, ស្ត្រី​មាន​គភ៌ (និង ស្ត្រី​ដែល​គ្រោង​មាន​គភ៌) និង ក្មេង​ដែល​មាន​អាយុ​ក្រោម​អាយុ​ស្រប​ច្បាប់​អាច​ពិសា​ជាតិ​ស្រវឹង។

តើ​ជាតិស្រវឹង​មាន​ផល​ប៉ះពាល់​ដល់​ស្ត្រី​តាម​វិធី​ផ្សេង​ខុស​ពី​បុរស​មែនទេ?

ចម្លើយ​គឺ មែន។ រាងកាយ​របស់​ស្ត្រី​មាន​ជាតិ​ទឹក​តិច​ជាង​បុរស​ដែល​នេះ​មានន័យថា​បរិមាណ​នៃ​ជាតិស្រវឹង​ដូចគ្នា​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​ស្ត្រី​ជាង​បុរស។

តើ​ជាតិស្រវឹង​ល្អ​ចំពោះ​បេះដូង​របស់​អ្នក​ឬទេ?

ការស្រាវជ្រាវ​ស្នើ​ថា​មនុស្ស​ពេញវ័យ​ដែល​ពិសា​ល្មម (ពីរកែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស, មួយ​កែវ​សម្រាប់​ស្ត្រី) គឺ​ទំនង​ទទួល​រង​ជម្ងឺ​គាំង​បេះដូង​តិចជាង​អ្នក​ដែល​ពិសា​ច្រើន ឬ មិន​ពិសា​ទាល់​តែ​សោះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការស្រាវជ្រាវ​នេះ​គឺ​នៅ​តែ​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់ ដូច្នេះ​អ្នកពិសា​មិន​បាន​ទទួល​ដំបូន្មាន​ឲ្យ​ចាប់ផ្តើម​ការពិសា​ច្រើន ឬ អ្នក​មិន​ពិសា​ត្រូវ​ចាប់​ផ្តើម​ការពិសា​ជាតិ​ស្រវឹង​ដើម្បី​សុខភាព​របស់​ពួកគេ​ឡើយ។

តើ​ជាតិ​ស្រវឹង​មាន​ផល​ប៉ះពាល់​អ្វី​លើ​ក្រពះ​ទទេ ឬ ពេញ?

ប្រសិន​បើ​ក្រពះ​របស់​អ្នក​ពេញ លំហូរ​នៃ​ជាតិ​ស្រវឹង​ទៅ​ពោះវៀន​ធំ​គឺ​ត្រូវ​បាន​ពន្យឺត ហើយ​នេះ​ក៏​អាច​បន្ថយ​អត្រា​ដែល​រាងកាយ​របស់​អ្នក​ស្រូប​វា​ដែរ។ ដូច្នេះ​បន្ទាប់​ពី​បរិភោគ ឥទ្ធិពល​នៃ​ជាតិស្រវឹង​ប្រហែល​ជា​ត្រូវការ​ពេល​វែង​ដើម្បី​លេច​រូបរាង​ឡើង ហើយ​កម្រិត​ជាតិស្រវឹង​នៅក្នុង​ឈាម​នឹង​មិន​ខ្ពស់​ដូច​ពេល​ដែល​អ្នកពិសា​ពេល​ក្រពះ​ទទេ​ឡើយ។ ផ្ទុយមកវិញ ជាតិ​ស្រវឹង​ទាំងអស់​នៅក្នុង​ខ្លួន​របស់​អ្នក​នឹង​ត្រូវការ​ពេលវែង​ដើម្បី “បំបាត់” ឲ្យ​អស់​ចំពោះ​ក្រពះ​ពេញ។

តើ​វា​មាន​សុវត្ថិភាព​ដែរ​ឬ​ទេ​ក្នុង​ការពិសា​ក្នុង​អំឡុងពេល​មាន​គភ៌?

ដំបូន្មាន​ដ៏​ល្អ​បំផុត​គឺ​មិន​ត្រូវ​ពិសា​ជាតិ​ស្រវឹង​ទាល់​តែ​សោះ​ក្នុង​អំឡុងពេល​មានគភ៌។ ជាតិ​ស្រវឹង​អាច​មាន​ឥទ្ធិពល​បង្ក​អន្តរាយ​មួយ​ចំនួន​លើ​ទារក​ដែល​មិន​ទាន់​កើត។ បរិមាណ​យ៉ាង​តិច ដូចជា​ស្រាបៀរ​មួយ​កែវ​តូច​ម្តង ឬ ពីរ​ដង​ក្នុង​មួយ​សបា្តហ៍​ប្រហែល​ជា​មិន​បង្ក​អន្តរាយ​ឡើយ ប៉ុន្តែ​ដោយសារ​គ្មាន​កម្រិត​ណា​មួយ​ដែល​អាច​បញ្ជាក់​ថា​មាន​សុវត្ថិភាព​ប្រាកដ សូម​ជៀសវាង​ការពិសា​ជាតិ​ស្រវឹង​ក្នុង​អំឡុងពេល​មាន​គភ៌ ឬ ពេល​អ្នក​កំពុង​គ្រោង​មាន​គភ៌។

តើ​ការពិសា​កាហ្វេ​ពិត​ជា​អាច​ធ្វើ​ឲ្យ​អ្នក​ស្វាង?

ទេ! កាហ្វេ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ស្វាង​បាន​ឡើយ! វា​គ្មាន​ឥទ្ធិពល​អ្វី​ទាំងអស់​លើ​អត្រា​ដែល​ខ្លួន​របស់​អ្នក​ស្រូប​ជាតិ​ស្រវឹង។ អ្វី​ដែល​វា​ធ្វើ​គឺ​ធ្វើ​ឲ្យ​អ្នក​ខ្សោះ​ទឹក ដូច្នេះ​អ្នក​ត្រូវការ​ចូល​បន្ទប់​ទឹក​ញឹកញាប់​ជាង​ធម្មតា។ ការពិត​នោះ​គឺ វិធី​តែ​មួយ​គត់​ដើម្បី​ធ្វើ​ឲ្យ​ស្វាង​គឺ​បញ្ឈប់​ការពិសា​ជាតិ​ស្រវឹង និង រង់ចាំ​ឲ្យ​ខ្លួន​របស់​អ្នក​សម្រាក។

តើ​អ្នក​អាច​ពិសា​ច្រើន​ប៉ុណ្ណា​ឲ្យ​មាន​សុវត្ថិភាព​មុន​ពេល​អ្នក​ហាត់​ប្រាណ?

ចម្លើយ​គឺ​គ្មាន​ទេ។ កីឡា និង ជាតិ​ស្រវឹង​មិន​លាយ​ចូល​គ្នា​ឡើយ។ ស្រាបៀរ ឬ ស្រា ត្រឹមតែ​មួយ​កែវ ឬ ពីរ​កែវ​នឹង​បន្ថយ​ការផ្តោត​អារម្មណ៍​របស់​អ្នក, ធ្វើ​ឲ្យ​ចលនា​រួម​ផ្តុំ​របស់​អ្នក​ចុះ​ខ្សោយ និង កំណត់​ដែន​ចក្ខុ​របស់​អ្នក។ វា​ក៏​នឹង​បន្ថយ​នូវ​ភាពដឹង​ការឈឺ​ចាប់ ដែល​ទំនង​អាច​ធ្វើ​ឲ្យ​អ្នក​រង​របួស​កាន់​តែ​ច្រើន។ ដូច្នេះ សូមកុំ​ពិសា​ជាតិស្រវឹង​មុនពេល​អ្នក​ហាត់ប្រាណ ដើម្បី​ប្រយោជន៍​របស់​អ្នក និង ប្រយោជន៍​របស់​អ្នកដទៃ​ផង​ដែរ។

តើ​អ្វី​ជា​ភាពធីងធោង?

ដំបូង​ជាតិ​ស្រវឹង​ធ្វើ​ឲ្យ​ខ្លួន​របស់​អ្នក​ស្ងប់ស្ងាត់ រួច​ធ្វើ​ឲ្យ​វា​ក្តៅក្រហាយ។ នេះ​គឺ​ជា​មូលហេតុ​ដែល​ការពិសា​ជាតិស្រវឹង​ច្រើន​នៅពេល​យប់​តែង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​សូវ​ស្រួល​នៅ​ព្រឹក​បន្ទាប់។ ជាតិ​ស្រវឹង​ធ្វើ​ឲ្យ​ខ្លួន​របស់​អ្នក​ក្តៅ​ក្រហាយ​តាម​វិធី​ជា​ច្រើន។ វា​សង្កត់​អ័រម៉ូន​ដែល​ឃាត់​ការបញ្ចេញ​ទឹក​នោម ដូច្នេះ​អ្នក​ត្រូវ​ទៅ​បន្ទប់ទឹក​ជា​ញឹកញាប់។ នេះ​ធ្វើ​ឲ្យ​អ្នក​ខ្សោះ​ទឹក។ រួច​មក អ្នក​ភ្ញាក់​ពី​ដំណេក​មាន​អារម្មណ៍​មិនល្អ៖ ឈឺក្បាល ចង់ក្អួត, “ញ័រ”, ស្ងួត​មាត់, ស្រែក​ទឹក​ខ្លាំង និង អារម្មណ៍​មិនល្អ​ជា​ច្រើន​ទៀត។ នេះ​គឺ​ជា​ភាពធីងធោង។

(អត្ថបទ​ខាងលើដកស្រង់​ចេញ​ពីវិបសៃ Heineken: http://www.enjoyheinekenresponsibly.com/)

About Oav Cago (ឪ កាហ្គោ)

be happy!!!
This entry was posted in សុខភាព & ការថែទាំ​ខ្លួន. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s